ការដាក់តាំងបង្ហាញពិព័រណ៍ឡានធំបំផុតប្រចាំប្រទេសវៀតណាម The Vietnam Motor Show ត្រូវពន្យារពេលសារជាថ្មី ដោយសារឥទ្ធិពលនៃការរាតត្បាត COVID-19 ឥតមានការថមថយ។
ក្រោយពន្យារពេលម្តងរួចមកហើយ ពោលគឺកម្មវិធី VMS ដែលគ្រោងធ្វើតាំងពីឆ្នាំ ២០២០ ម៉្លេះ តែត្រូវលើកមកធ្វើនៅឆ្នាំ ២០២១ វិញ។
យ៉ាងណា គណៈគ្រប់គ្រងកម្មវិធី VMS 2021 គ្រោងប្រកាសពន្យារពេលកម្មវិធីឆ្នាំនេះត្រឹមចុងខែវិច្ឆិកា ឬដើមខែធ្នូប៉ុណ្ណោះ តែបន្ទាប់ពីសិក្សាជាមួយថ្នាក់ដឹកនាំដទៃទៀត ក៏យល់ឃើញថា វាមិនអាចទៅរួច ដូច្នេះពួកគេក៏សម្រេចលុបចោលកម្មវិធីឆ្នាំនេះម្ដងទៀត ខណៈការប្រកាសជាផ្លូវការនឹងប្រកាសនាពេលឆាប់ៗខាងមុខ។
បញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៩ ប្រទេសវៀតណាមទទួលបានលទ្ធផលជាទីគាប់ចិត្តពីការដាក់តាំងបង្ហាញមួយនេះ ដោយមានការចូលរួមពីក្រុមហ៊ុន ១៥ និងមានឡានច្រើនជាង ១០០ គ្រឿង ត្រូវបានដាក់តាំងបង្ហាញ ក៏ដូចជាមានអ្នកទស្សនាច្រើនជាង ២០ ម៉ឺននាក់ទៀតផង។
ជាលទ្ធផល ស្ថិតិនៃការលក់ឡាននៅវៀតណាមកើនឡើង ២៧% បើធៀបឆ្នាំកន្លងទៅ ហើយឡានប្រមាណ ១៦៦ ៥០០ គ្រឿងត្រូវបានលក់ចេញក្នុងរយៈពេល ៧ ខែតំបូង៕
ប្រភព: vnexpress