កាលពីឆ្នាំ ២០១៧ Nirav Modi លេចមុខលើទំព័រទស្សនាវដ្ដីForbes ក្នុងតំណែងជាមហាសេដ្ឋីជាមួយទ្រព្យសម្បត្តិប្រមាណ ១,៨ ពាន់លានដុល្លារ។ កាលនៅមានទ្រព្យហូហៀរ សេដ្ឋីរូបនេះប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យ ប្រើប្រាស់តែសម្ភារៈថ្លៃៗប៉ុណ្ណោះ។

យ៉ាងណា ជីវិតហ៊ឺហាសេដ្ឋីរូបនេះបានដាំក្បាលចុះមួយរំពេចនៅឆ្នាំ ២០១៨ បន្ទាប់ពីទទួលរងការចោទប្រកាន់ពីបទឆបោកធនាគារជាតិ Punjab National Bank ជាមួយទំហំលុយរាប់លានដុល្លារ។ បន្ទាប់ពីរត់គេចខ្លួនមិនបានប៉ុន្មានផង សេដ្ឋីធ្លាប់មានប្រាក់ពាន់លាននេះ ក៏ត្រូវបានអាជ្ញាធរប្រទេសអង់គ្លេសចាប់ខ្លួន និងកំពុងជាប់ឃុំឃាំង។
ក្រឡេកទៅមើលពីទម្លាប់ការចាយវាយរបស់បុរសឥណ្ឌាវិញ គឺលោកចូលចិត្តចំណាយលុយមិនសូវខ្វល់ឡើយសម្រាប់រឿង ៥ យ៉ាង ដែលនឹងមានបង្ហាញដូចតទៅ៖
១/គំនូរ

អាចនិយាយបានថា Modi គឺជាអ្នកចូលចិត្តផ្នែកសិល្បៈគំនូរមួយរូប ហើយលោកក៏ជាអ្នកគាំទ្រវិចិត្រករ Amrita Sher-Gil ដែលត្រូវគេស្គាល់ថា ជាអ្នកគូរគំនូរដ៏ល្បីឈ្មោះមួយរូបនៅឥណ្ឌាផងដែរ។ មានម្ដងនោះ Modi ជះលុយ ២,២ លានដុល្លារសម្រាប់គំនូរមួយផ្ទាំងផង។
២/នាឡិកា

អាចនិយាយបានថា នេះជាទម្លាប់របស់មហាសេដ្ឋីមួយចំនួនធំ ដែលចូលចិត្តសន្សំនាឡិកាថ្លៃៗ ហើយសម្រាប់ Modi វិញក៏ដូចគ្នា ដោយក្នុងចំណោមនាឡិកាទាំងអស់ Jaeger-LeCoultre Reverso Gyrotourbillon 2 Limited Edition គឺទាក់ចិត្តមនុស្សគ្រប់គ្នា ដោយវាត្រូវបានផលិតឡើងតែ ៧៥ គ្រឿងប៉ុណ្ណោះក្នុងលោក រីឯតម្លៃវិញគឺ ១០៤ ០០០ ដុល្លារ។
៣/ឡានទំនើប

បើមានលុយដល់ខ្ទង់ពាន់លានដុល្លារ ហើយគ្មានមធ្យោបាយធ្វើដំណើរទំនើបនោះ វាហាក់ដូចជាខ្វះអ្វីម៉្យាង ហើយសម្រាប់ករណី Modi វិញជានិច្ចកាលលោកតែសម្ញែងរថយន្តទំនើបមិនសូវលោះពេល ដោយក្នុងចំណោមរថយន្តទាំងអស់នោះ Porsche Panamera S ដែលរត់ទើបបាណ ៣០ ០០០ គីឡូម៉ែត្របានលក់ចេញកំឡុងពេលដាក់ដេញថ្លៃប្រមាណ ៥១ ៥២០ ដុល្លារ។
៤/ កាបូប Brand

ក្នុងចំណោមកាបូបច្នៃម៉ូដទាំង ៥០ ដែលដាក់លក់ពេលដេញថ្លៃ មានតែHermes Kelly ប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកទិញរំភើប ដ្បិតវាគឺត្រូវបានទិញដោយគ្រួសារ Modi កាលពីឆ្នាំ២០១៥ ហើយការដេញថ្លៃបានបញ្ចប់ដោយកាបូបនោះលក់ចេញក្នុងតម្លៃ ២៥ ៦០០ ដុល្លារ។
៥/ ហិបដាក់សម្ភារៈ LV

អស់ពីកាបូបច្នៃម៉ូដរាប់ម៉ឺនដុល្លារ គ្រួសារ Modi នៅមានហិបដាក់សម្ភារៈ Brand មួយទៀតដែលច្នៃម៉ូដដោយក្រុមហ៊ុនល្បី Luis Vuitton ដែលជាក្រុមហ៊ុនច្នៃម៉ូដល្បីបំផុតមួយទូទាំងពិភពលោក។
ហិបមួយនេះ ក្រៅពីយកមកដាក់សម្ភារៈ គឺគេយកវាមកដាក់លំអបន្ទប់ទទួលភ្ញៀវ ឬបន្ទប់គេងជាដើម ខណៈតម្លៃវិញគឺ ១២ ៣២០ ដុល្លារ៕
ប្រភព: scmp