ផ្សារ Makro ជាផ្សារលក់ទំនិញរាយធំបំផុតមួយនៅប្រទេសថៃ និងមានសាខានៅប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា។ ផ្សារ Makro មិនមែនបង្កើតឡើងដំបូងនៅប្រទេសថៃឡើយ ពោលគឺជាក្រុមហ៊ុនលំដាប់ពិភពលោកមួយ ដែលកាន់កាប់ភាគហ៊ុន ដោយម្ចាស់រហូតដល់ទៅ ៣ ក្រុមហ៊ុនឯណោះ និងគ្រប់គ្រងតំបន់ ៣ ផ្សេងគ្នា។
ក្នុងចំណោមម្ចាស់ភាគហ៊ុន ៣ នោះ CP ALL គឺរ៉ាប់រងតំបន់អាស៊ី ខណៈ Metro AG គ្រប់គ្រងតំបន់អឺរ៉ុប និង SHV Holdings គឺធានាតំបន់អាមេរិកឡាទីន។ យ៉ាងណា សម្រាប់នៅតំបន់អាស៊ី CP ALL បានចុះបញ្ជី Makro ជាក្រុមហ៊ុនមាននាមករណ៍ថា Siam Makro Public Company Limited និងហៅដោយខ្លី Makro បដិសន្ធិឡើងនៅឆ្នាំ ១៩៨៨ ជាមួយទុនវិនិយោគប្រមាណ ៧៥០ លានបាត (២៣លានដុល្លារអាមេរិក) ។
សម្រាប់ក្រុមហ៊ុន Siam Makro បច្ចុប្បន្នស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក Arsa Sarasin ប្រធានក្រុមប្រឹក្សាភិបាល (Chairman of The Board) និងលោកស្រី Suchada Ithijarukul នាយកប្រតិបត្តិ។
ក្នុងគម្រប់ខួប ២៥ ឆ្នាំរបស់ក្រុមហ៊ុន ផ្សារ Makro ដែលគ្រប់គ្រងដោយក្រុមហ៊ុនថៃនៅតំបន់អាស៊ី បានប្រកាសពីទស្សនៈវិស័យចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារធំបំផុត សម្រាប់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍។
បញ្ហាចំបងដែលក្រុមហ៊ុនអាចជួបប្រទះសម្រាប់គម្រោងមួយនេះ គឺត្រូវធ្វើការវាយតម្លៃ និងសិក្សាពីតម្រូវការរបស់អតិថិជនគ្រប់តំបន់ ដើម្បីអាចបំពេញតម្រូវការរបស់អតិថិជនគ្រប់ៗគ្នា។ មួយវិញទៀត ក៏ត្រូវរៀបគម្រោងអាជីវកម្មសម្រាប់អតិថិជនគ្រប់បែបសណ្ឋាន ដូចជាបង្កើតហាងលក់ទំនិញថ្មីៗ ផ្ដល់សេវាកម្មគ្រប់ប្រភេទ និងជាពិសេសអភិវឌ្ឍន៍ទំនិញ និងសេវាកម្មឲ្យបានទៀងទាត់ ដើម្បីតម្រូវការអតិថិជនជាដើម។
លោកស្រី SuchadaI thijarukul នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានមានប្រសាសន៍ថា ផលិតផលទាំងអស់ដែលមាននៅក្នុងផ្សារម៉ាក្រូត្រូវឆ្លងកាត់ស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹងនៅក្នុងខ្សែសង្វាក់ផលិតកម្ម ចាប់ពីកសិកររហូតដល់រោងចក្រនិងផ្សារទំនើប។ នោះគឺជាការប្តេជ្ញាខ្ពស់របស់ក្រុមហ៊ុន ក្នុងការបម្រើអតិថិជនទាំងអស់ ដោយយកចិត្តទុកដាក់ពីសុវត្ថិភាព។
លោកស្រី SaowaluckThitaphant ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Siam Makro បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុន Siam Makro មានបំណងចំណាយប្រាក់ចំនួន៦ប៊ីលានបាត (១៧២លានដុល្លារអាមេរិក) ដើម្បីបើកហាងចំនួន២០ នៅប្រទេសថៃនិងចំនួន ៣ប៊ីលានបាត (៨៦លានដុល្លារអាមេរិក) ដើម្បីពង្រីកទៅកាន់កន្លែងផ្សេងទៀត។
បច្ចុប្បន្ន Makro បានបន្តពង្រីងវិសាលភាពនៃសាខាជាច្រើនកន្លែងទាំងនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប ក៏ដូចជាផ្ដល់សេវាកម្មថ្មីៗដូចជា Makro Foodservice ដែលផ្ដោតសំខាន់ក្នុងការផ្ដល់ជូនអតិថិជននូវអាហារក្ដៅៗឈ្ងុយឆ្ងាញ់ ក៏ដូចជាជួយពង្រឹងអាជីវកម្មរបស់អតិថិជនច្រើនជាង ២,៦ លាននាក់ដែលសហការជាមួយក្រុមហ៊ុនផងដែរ៕