ក្រុមហ៊ុនយក្ស Amazon កំពុងធ្វើកំណែទម្រង់ថ្មីជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Whole Foods ដែលគេស្គាល់ថា ជាផ្សារទំនើបដែលមានសាខាច្រើនជាង ៥០០ កន្លែងនៅអាមេរិក។

កំណែទម្រង់ថ្មីដែល Amazon គ្រោងនឹងបំពាក់នៅផ្សារទំនើប Whole Foods នោះគឺ បច្ចេកវិទ្យាចុងក្រោយ Just Walk Out ដែលអនុញ្ញាតឲ្យអតិថិជនអាចគិតបញ្ជីលុយលើឥវ៉ាន់ដែលពួកគេបានទិញដោយខ្លួនឯង ដែលនេះមានន័យថា នឹងមិនចាំបាច់ត្រូវការអ្នកឈរចាំគិតលុយឡើយ។

គម្រោងនេះ Amazon នឹងដាក់ឲ្យប្រើប្រាស់នៅ ២ សាខាសម្រាប់ Whole Foods នៅឆ្នាំ ២០២២ ដែលសាខាមួយនៅ Washington D.C. និងមួយទៀតនៅតំបន់ Sherman Oaks រដ្ឋ California។
ថ្វីដ្បិតតែជាបច្ចេកវិទ្យាចុងក្រោយមែន តែ Amazon ក៏ធ្លាប់ដាក់ប្រើប្រាស់នៅហាងផ្សេងៗរបស់ខ្លួនដូចជា ហាងលក់ទំនិញ Amazon Go ហាងលក់គ្រឿងទេសស្រស់ៗ Amazon Fresh ជាដើម សុទ្ធតែបានបំពាក់ជាមួយបច្ចេកវិទ្យា Just Walk Out ទាំងអស់។

ដោយឡែកសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ អតិថិជនគ្រាន់តែធ្វើការស្កេន QR Code នៅក្នុងកម្មវិធីទូរស័ព្ទដៃ Amazon ឬ Whole Foods ហើយបន្ទាប់មកថតរូបឥវ៉ាន់ ឬផលិតផលដែលពួកគេចង់បាន នោះវានឹងបង្ហាញនៅវិក័យប័ត្រប្រាក់បែបឌីជីថលជាមិនខាន តែដើម្បីអាចប្រើប្រាស់មុខងារនេះបាន អតិថិជនត្រូវតែមានគណនី Amazon។

យ៉ាងណាថ្វីបើវាពិតជាជួយសម្រួលដល់តម្រូវការអតិថិជនក្ដី តែជាមួយគ្នានោះបច្ចេកវិទ្យាមួយនេះក៏ទទួលបានការរិះគន់ចាស់ដៃពីមតិជាច្រើនដូចគ្នា ដោយពួកគេបារម្ភថា ការងារជាអ្នកចាំគិតប្រាក់តាមផ្សារទំនើប ឬកន្លែងផ្សេងៗអាចនឹងបាត់បង់ និងជំនួសមកវិញដោយបច្ចេកវិទ្យា។

ហេតុដូច្នេះហើយ ទើប Amazon លើកឡើងថា ការដាក់មុខងារទំនើបនេះនៅសាខា ២ របស់ Whole Foods គឺក្នុងន័យជួយសម្រួលដល់អតិថិជន ហើយបច្ចុប្បន្នពួកគេក៏មិនទាន់មានគម្រោងនឹងបន្តដាក់វានៅសាខាផ្សេងៗឡើយ៕
ប្រភព: edition.cnn