ទិន្នន័យពីស្ថាប័ន China Passenger Car Association បានបង្ហាញនៅថ្ងៃពុធសប្តាហ៍នេះថា ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សារប្រទេសចិន ក្នុងខែសីហា បានឈានដល់ ៤៤ ២៦៤ គ្រឿង ដែលនេះមានន័យថាវាបានកើនឡើងរហូតដល់ ២៧៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលវាគឺតួលេខដ៏ល្អបំផុតមួយមិនធ្លាប់មាន ហើយក៏ជាលើកដំបូងផងដែរ ដែលក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ លក់បានលើសពី ៤០ ០០០ គ្រឿង ក្នុងរយ:ពេលត្រឹមតែមួយខែ ។
គួរឲ្យដឹងថា គិតត្រឹមខែសីហា ក្រុមហ៊ុន Tesla បានលក់រថយន្តអគ្គិសនីរបស់ខ្លួន ចំនួន ១៥២ ៥៣១ គ្រឿង នៅក្នុងទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២១ ដែលលើសពីចំនួនសរុបកាលពីឆ្នាំមុនទាំងមូល ។
យ៉ាងណា តួលេខលក់នៅតែមានការកើនឡើងខ្លាំង បើទោះបីកន្លងមកមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ទាក់ទងទៅនឹងរថយន្ត Tesla ដែលធ្វើឲ្យមានការព្រួយបារម្ភជាសាធារណ:អំពីគុណភាពផលិតរបស់ក្រុមហ៊ុននេះ ។
ដោយឡែក នៅក្នុងខែកក្កដាកន្លងទៅ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ ៦៩ ភាគរយ មកនៅត្រឹម ៨ ៦២១ គ្រឿង ពោលគឺធ្លាក់ចុះពីចំនួន ២៨ ១៣៨ គ្រឿង នៅក្នុងខែមិថុនា ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តអាមេរិក ត្រូវបានគេរាយការណ៍ផងដែរថាកំពុងបង្កើនការជ្រើសរើសបុគ្គលិក ផ្នែកទំនាក់ទំនងសារធារណ: និងកិច្ចការច្បាប់ នៅក្នុងប្រទេសចិន ចំពេលមានត្រួតពិនិត្យយ៉ាងតឹងរឹង នៅក្នុងប្រទេសនៅអាស៊ីមួយនេះ ជុំវិញការតវ៉ាចំពោះសុវត្ថិភាព និងសេវាកម្មអតិថិជន ៕
ប្រភព: Global Time