បើនិយាយដល់ប្រទេសកូរ៉េខាងត្បូង គ្រប់គ្នាប្រហែលជានឹកឃើញមុនគេដល់វិស័យចម្រៀង K-Pop ឬក៏ K-Drama ដែលប្រជាជនខ្មែរនិយមតាមដានលំហែអារម្មណ៍ ជាពិសេសគឺយុវវ័យតែម្ដង។
យ៉ាងណា ក្រៅពីល្បីខាងវិស័យកម្សាន្តខាងលើ ប្រទេសមួយនេះក៏សំបូរមហាសេដ្ឋីមិនខ្វះដែរ តួយ៉ាងម្ចាស់ក្រុមហ៊ុន Samsung ដែលជាដៃគូប្រជែង Apple សម្រាប់ទូរស័ព្ទ Smartphone ជាច្រើនឆ្នាំ គឺជាមហាសេដ្ឋីដែលមានប្រាក់ពាន់លានដុល្លារឯណោះ។

យ៉ាងណា មហាសេដ្ឋីដែលឈរកំពូលអ្នកមានបំផុតមិនមែនជាម្ចាស់ ឬគ្រួសារស្ថាបនិកក្រុមហ៊ុន Samsung នោះទេ បែរជាអតីតអ្នករត់តាក់ស៊ីចិញ្ចឹមជីវិតទៅវិញ។
បុគ្គលទាំង ១០ រូបនេះ ជាមហាសេដ្ឋីមានដាច់គេនៅប្រទេសកូរ៉េខាងត្បូង៖
1/ Seo Jung-jin

បុរសរូបនេះបានផ្ដួលម្ចាស់ក្រុមហ៊ុន Samsung ធ្លាក់ទៅឈរនៅលេខរៀងទី ២ ក្នុងបញ្ជីឈ្មោះអ្នកមានបំផុតនៅកូរ៉េខាងត្បូង ខណៈលោកគឺជាអ្នកជំនួញរកស៊ីពីបាតដៃទទេពិតៗ ហើយទម្រាំមានទ្រព្យសម្បត្តិប្រមាណ ១២,៥ ពាន់លានដុល្លារ សហស្ថាបនិក Celltrion ធ្លាប់រត់តាក់ស៊ីចិញ្ចឹមជីវិតទៀតផង។
2/ Jay Y. Lee

ដូចបានរៀបរាប់ពីខាងដើម លោក Lee គឺជាអនុប្រធាន និងជាអ្នកស្នងមរតកក្រុមហ៊ុនធំបំផុតប្រចាំប្រទេស Samsung ខណៈបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១២,៤ ពាន់លានដុល្លារ។
3/ Kim Jung-ju

បុរសរូបនេះ គឺជាស្ថាបនិកក្រុមហ៊ុនហ្គេមកំសាន្តដ៏ល្បីមួយប្រចាំប្រទេសកូរ៉េខាងត្បូង Nexon ហើយក៏ជាប្រធានក្រុមហ៊ុន NXC ផងដែរ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Kim គឺមានប្រមាណ ១០,៩ ពាន់លានដុល្លារ ហើយកាលពីឆ្នាំ ២០១៨ លោកបានប្រកាសថា កូនៗរបស់លោកនឹងមិនទទួលចំណែកភាគហ៊ុនក្នុងក្រុមហ៊ុនជាដាច់ខាត។
4/Kim Beom-su

បើសិនជាអ្នករស់នៅប្រទេសកូរ៉េខាងត្បូងហើយមិនប្រើប្រាស់កម្មវិធី Kakao នោះ វាប្រៀបដូចជាមិនបានរស់នៅកូរ៉េអញ្ចឹង ដ្បិតកម្មវិធីទូរស័ព្ទមួយនេះគឺជាកម្មវិធីផ្ញើសារពេញនិយមបំផុតគ្រប់មនុស្សទូទៅនៅកូរ៉េ ដោយទូរស័ព្ទដៃ ៩០% ទូទាំងប្រទេសបានប្រើប្រាស់កម្មវិធីនេះ។
ដោយឡែក ដោយសារមានការទទួលស្គាល់ខ្លាំងបែបនេះហើយ ទើបស្ថាបនិកលោកKim Beom-su ជាប់ឈ្មោះជាមហាសេដ្ឋីលំដាប់ទី ៤ ប្រចាំប្រទេសជាមួយទ្រព្យសម្បត្តិប្រមាណ ១០,៦ ពាន់លានដុល្លារ។
5/Kwon Kyuk-bin

មិនខុសគ្នាពីលោក Kim ដែលជាស្ថាបនិកក្រុមហ៊ុនហ្គេម បុរសឈរលេខរៀងទី ៥ រូបនេះក៏ជាអ្នកបង្កើតក្រុមហ៊ុនហ្គេមជោគជ័យបំផុតប្រចាំប្រទេសកូរ៉េខាងត្បូងមួយផងដែរ។ ក្រុមហ៊ុនដែលលោកបង្កើតមានឈ្មោះថា Smilegate នៅឆ្នាំ ២០០២ ហើយនៅឆ្នាំ ២០០៨ បានចាប់ដៃគូជាមួយក្រុមហ៊ុនចិន Tencent បង្កើតហ្គេមល្បីឈ្មោះ CrossFire។ បច្ចុប្បន្ន លោក Kwon មានទ្រព្យសម្បត្តិប្រមាណ ៩,៥ ពាន់លានដុល្លារ។
6/Hong Ra-hee

លោកស្រីគឺជាស្ត្រីមួយរូបក្នុងចំណោមស្ត្រី ២ រូបនៃបញ្ជីឈ្មោះអ្នកមានបំផុតនៅកូរ៉េខាងត្បូងទាំង ១០ នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏ជាម្ដាយរបស់បុរសមានបំផុតទី ២ គឺលោក Jay Y. Lee ផងដែរ។
បច្ចុប្បន្ន លោកស្រី Hong គឺមានវ័យ ៧៦ ឆ្នាំនិងមានទ្រព្យសម្បត្តិប្រមាណ ៧,១ ពាន់លានដុល្លារ។
7/Bom Kim

លោក Bom គឺជាស្ថាបនិកក្រុមហ៊ុន Coupang ដែលមានលំនាំស្រដៀង Amazon របស់អាមេរិក និង Alibaba របស់ចិន និងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Bom គឺមានប្រមាណ ៦,៤ ពាន់លានដុល្លារ។
8/Mong-Koo Chung

សម្រាប់បញ្ជីឈ្មោះអ្នកមានបំផុតនៅកូរ៉េខាងត្បូង ច្បាស់ជាមិនអាចអវត្តមានរបស់ប្រធានក្រុមហ៊ុនផលិតរថយន្ត Hyundai លោក Mong-Koo Chung បានឡើយ។ បន្ទាប់ពីកាន់កាប់តំណែងជាប្រធានក្រុមហ៊ុនរថយន្តធំបំផុតប្រចាំប្រទេសជាង ២០ ឆ្នាំ បុរសវ័យ ៨៣ ឆ្នាំបានប្រកាសចុះចេញពីតំណែង និងចាត់តាំងកូនប្រុសតែមួយគឺ Euisun ជាអ្នកស្នងតំណែង។ បច្ចុប្បន្ន ទោះចាកចេញពីក្រុមហ៊ុនមែន តែបុរសចំណាស់រូបនេះនៅតែជាប់ឈ្មោះជាអ្នកមានបំផុតមួយរូបនៅកូរ៉េខាងត្បូងដដែល ជាមួយទ្រព្យសម្បត្តិប្រមាណ ៥,៩ ពាន់លានដុល្លារ។
9/ Lee Boo-jin

នេះគឺជាស្ត្រីចុងក្រោយនៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតនៅប្រទេសខ្លាសេដ្ឋកិច្ចតំបន់អាស៊ី និងជាប្រធាន ក៏ដូចជានាយកប្រតិបត្តិ Hotel Shilla ដែលត្រូវគេស្គាល់ថា ជាកន្លែងប្រជុំសម្រាប់កម្មវិធីលំដាប់អន្តរជាតិ។ បន្ថែមពីនោះអ្នកស្រីក៏ជាប្អូនស្រីរបស់ Jay Y. Lee អនុប្រធាន Samsung ផងដែរ ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនវិញគឺមានប្រមាណ ៤,៩ ពាន់លានដុល្លារ។
10/ Suh Kyung-bae

ចូលដល់ការបិទបញ្ជីគឺជាប្រធានក្រុមហ៊ុនគ្រឿងសម្អាង Amorepacific ដែលជាក្រុមហ៊ុនផលិតគ្រឿងថែរក្សាសម្ផស្ស និងស្បែកមុខធំបំផុតនៅកូរ៉េខាងត្បូង។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោកគឺមានប្រមាណ ៤,៨ ពាន់លានដុល្លារ៕
ប្រភព: Forbes