សេដ្ឋី​មាន​បំផុត​ទាំង ០៩ នៅ​ជប៉ុន មិនមាន​ឈ្មោះ​គ្រួសារ​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ណា​ម្នាក់

អន្តរជាតិ

ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​មួយ​នៅ​ទ្វីបអាស៊ី ក៏​ដូចជា​នៅ​សកលលោក​ផង​ដែរ ដ្បិត​កន្លង​ទៅ​ប្រទេស​មួយ​នេះ​ថែមទាំង​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​មួយ​លើ​លោក​ថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជប៉ុន​ក៏​មាន​នូវ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ជាច្រើន​រូប​ផង​ដែរ។ តែ​បើ​តាម​បញ្ជីឈ្មោះ​បុគ្គលមាន​បំផុត​នៅ​ប្រទេស​ជប៉ុន មិនជាប់ឈ្មោះ​ស្ថាបនិក​ឬ​ខ្សែ​ស្រឡាយ​គ្រួសារ​ស្ថាបនិក​ក្រុមហ៊ុនផលិត​រថយន្ត​ធំៗ​ណាមួយ​នោះ​ទេ។ ​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវសន៍​សូម​ណែនាំ​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត ៩ រូប​ប្រចាំ​ប្រទេស​នៅទឹកដីដែលមានរហ័សនាម​​“ទឹកដីនៃព្រះអាទិត្យរះ” ឬ“ទឹកដីនៃផ្កាសាគូរ៉ា”នេះ៖​

1/Masayoshi Son មាន​ទ្រព្យ​សម្បត្តិ​ ៤៤,៤ ពាន់​លាន​ដុល្លារ​

លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ទូរគមនាគមន៍​ និង​ធនាគារ​យក្ស​ SoftBank Group ប្រចាំ​ជប៉ុន ខណៈ​ក្រុមហ៊ុន​វិនិយោគ Vision Fund របស់​លោក​បាន​បណ្ដាក់ទុន​ច្រើនជាង ១០០ ក្រុមហ៊ុន​ទូទាំង​ពិភពលោក​ដែល​មាន​ដូចជា​ Apple, Qualcomm និង Grab ជាដើម។

2/Tadashi Yanai  មាន​ទ្រព្យ​សម្បត្តិ​ ៤២ ពាន់​លាន​ដុល្លារ

បុគ្គល​មាន​បំផុត​ទី ២ នៅ​ជប៉ុន​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ដ៏​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក Uniqlo។ លោក​ក៏​មាន​ក្រុមហ៊ុន​ច្រើន​ទៀត​ក្នុង​ដៃ​ដូចជា Theroy, Helmun Lang, J Brand និង GU ជា​ដើម។

3/Takemistu Takizaki  មាន​ទ្រព្យ​សម្បត្តិ​ ២៥,៨ ពាន់​លាន​ដុល្លារ

ជា​ស្ថាបនិក​ក្រុមហ៊ុន​ Keyence ដែល​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការ​ប្រព័ន្ធ​បញ្ជា និង​ស្កេន​នៃ​ក្រុមហ៊ុន​ផ្សេងៗ។ ទោះ​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​កាលពី​ឆ្នាំ ២០១៥ ក្ដី តែ​បុរស​វ័យ ៧៦ ឆ្នាំ​នៅ​បន្ត​គ្រប់គ្រង​តំណែង​ជាន់ខ្ពស់​មួយ​នៅ​ក្រុមហ៊ុន​ដដែល​។

4/Nobutada Saji និង​គ្រួសារ មាន​ទ្រព្យ​សម្បត្តិ​ ៩,៧ ពាន់​លាន​ដុល្លារ

លោក​ Nobutada គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដ៏​ចំណាស់​មួយ​នៅ​ប្រទេស​ជប៉ុន ដែល​មាន​ឈ្មោះ​ថា​Suntory Holdings និង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជីតាទួត​របស់​លោក​ក្នុង​ឆ្នាំ ១៨៩៩។

5/Shigenobu Nagamori មាន​ទ្រព្យ​សម្បត្តិ​ ៩ ពាន់​លាន​ដុល្លារ

ជា​ស្ថាបនិក​ និង​ជា​ប្រធាន​ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន Nidec ដែល​ជា​ក្រុមហ៊ុន​​ផលិត​ម៉ូទ័រ​ធំ​បំផុត​លើ​លោក ដែល​អាច​រក​ឃើញ​ស្ទើរ​គ្រប់​គ្រឿង​ចក្រ​ទាំងអស់។

6/Takashisa Takahara មាន​ទ្រព្យ​សម្បត្តិ​ ៨ ពាន់​លាន​ដុល្លារ

រាង​ប្លែក​ពី​អ្នក​មុនៗ​បន្តិច ដោយ​លោក Takashisa ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ខោ​ទឹកនោម​ Unicharm ដែល​បង្កើត​ឡើង​ដោយ​ឪពុក​​របស់​លោក Keiichiro នៅ​ឆ្នាំ ១៩៦១។ ក្រុមហ៊ុន​​មួយ​នេះ​បាន​នាំចេញ​ខោ​ទឹកនោម​ជាច្រើន​ទូទាំង​ពិភពលោក​មាន​ដូចជា Moony និង MamyPoko ជាដើម។

7/ Hiroshi Mikitani មាន​ទ្រព្យ​សម្បត្តិ​ ៧,៥ ពាន់​លាន​ដុល្លារ

ជា​ស្ថាបនិក​ក្រុមហ៊ុន​​ Rakuten ដែល​មាន​លំនាំ​ស្រដៀង​ក្រុមហ៊ុន​យក្ស Amazon និង Alibaba ដែរ ខណៈ​ Rakuten ជា​ទីផ្សារ​អនឡាញ​ធំ​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន។ កាលពី​ខែមីនា​កន្លង​ទៅ Rakuten ទទួល​ការ​បណ្ដាក់​ទុន​ដែល​មាន​សាច់ប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​យក្ស​ចិន Tencent, Japan Post Holdings និង Walmart។

8/Akio Nitori មាន​ទ្រព្យ​សម្បត្តិ​ ៥,២ ពាន់​លាន​ដុល្លារ

លោក Akio ជា​ស្ថាបនិក​ក្រុមហ៊ុន Nitori Holdings ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿងសង្ហារិម​ធំ​បំផុត​មួយ​នៅ​ប្រទេស​ជប៉ុន ខណៈ​មាន​សាខា​ច្រើនជាង ៦០០ កន្លែង​ទូទាំង​ប្រទេស។

9/Yasumitsu Shigeta មាន​ទ្រព្យ​សម្បត្តិ​ ៥,១ ពាន់​លាន​ដុល្លារ

ស្ថាបនិក​ក្រុមហ៊ុន Kikari Ssushin រូប​នេះ ធ្លាប់​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់ ៤២ ពាន់​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​បាន​បាត់បង់​ត្រឹម​មួយ​ពព្រិច​ភ្នែក​ក្នុង​ឆ្នាំ ២០០១ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ទីផ្សារ​ហ៊ុន​។

បាត់​ឈ្មោះ​ពី​បញ្ជី​មហាសេដ្ឋី​ ៤ ឆ្នាំ ពោល​នៅ​ឆ្នាំ ២០០៥ មក​ទល់​ពេលនេះ បុរស​វ័យ ៥៨ ឆ្នាំ​អាច​រក្សា​តំណែង​នេះ​បាន​រាង​ជាប់លាប់​បន្ទាប់​ពី​ក្រុមហ៊ុន​Hikari Tsushin ងើបឡើង​វិញ។

បញ្ជាក់​ដែរ​ថា ​សម្រាប់​ទំហំ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំង ៩ រូប​ខាងលើ គឺ​ស្រង់​ដោយ​ទិន្នន័យ​ចុះ​ផ្សាយ​ដោយ​ Forbes គិត​ត្រឹម​ខែ​មេសា ២០២១៕

ប្រភព: Forbes