នៅខែតុលា ខាងមុខនេះ ថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញ ខណៈប្រទេសខ្លួន បាននឹងកំពុងព្យាយាមជួយសង្គ្រោះឧស្សាហកម្មទេសចរណ៍ ដែលកំពុងរងវិបត្តិដោយសារកូវីដ-១៩ បន្ថែមរលកទី ៣ នៃការផ្ទុះឆ្លងខ្លាំងពីវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតក៏ដោយ។
អាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ចាប់ពីថ្ងៃទី ១ ខែតុលាតទៅ អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងអាចទៅលេងទីក្រុងបាងកកនិងខេត្តចំនួន ៤ ផ្សេងទៀត ដោយមិនចាំបាច់ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ២ សប្ដាហ៍ទៀតឡើយ។
ខេត្តទាំង ៤ ដែលអាចទៅលេងបានរួមមាន រួមមានខេត្ត Chiang Mai, Chon Buri, Phetchaburi និងខេត្ត Prachuap Khiri Khan ដែលត្រូវបានគេរំពឹងថា នឹងធ្វើតាមគំរូប្រអប់ខ្សាច់ ឬ Sandbox ដូចនៅកោះភូកេតដែរ។
ដោយឡែក អ្នកទេសចរអន្តរជាតិជាង ២៩,០០០ នាក់ ដែលចាក់វ៉ាក់សាំងពេញលេញ បាននាំគ្នាសម្រុកទៅលេងឆ្នេរសមុទ្រភូកេតក្រោមគម្រោង Sandbox ចាប់តាំងពីខែ កក្កដា ដោយបង្កើតប្រាក់ចំណូលជិត ៥០ លានដុល្លារ។
ផែនការនេះនឹងធ្វើឲ្យថៃចាប់ផ្ដើមដាក់គោលដៅចំនួន ២១ បន្ថែមទៀតកក្នុងបញ្ជីនៅខែ តុលា ខាងមុខរួមមាន ខេត្តឈៀងរ៉ៃ សុខោទ័យ និងកន្លែងលំហែកាយដ៏ពេញនិយមនៅ រ៉ាយុង ជាដើម។
ប៉ុន្តែរលកកូវីដ -១៩ ទីបី និងសាហាវបំផុតរបស់ថៃ មិនទាន់បានធូរស្រាលនៅឡើយទេ ខណៈដែលទីភ្នាក់ងារទេសចរណ៍ព្រមានថា ផែនការអាចនឹងមានការផ្លាស់ប្ដូរខ្លះៗ៕