តើសេដ្ឋកិច្ច ១៦ ទ្រីលានដុល្លាររបស់ចិនបានងើបឡើងវិញទាំងស្រុងហើយឬនៅ?

អន្តរជាតិ

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើងរហូតដល់ ១៨,៣% ក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងនៃឆ្នាំ ២០២១   បើធៀបទៅនឹងឆ្នាំដែលជំងឺរាតត្បាតជាសកលកូវីដ-១៩ ផ្ទុះឡើងលើកដំបូងនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង វាគឺជាសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ ដែលបានបង្ហាញពីការកើនឡើងខ្លាំង នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ អាចគ្រប់គ្រងបានដោយជោគជ័យនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

តើកំណើន GDP របស់ប្រទេសចិនកើនឡើងខ្លាំងប៉ុណ្ណា នៅក្នុងត្រីមាសដំបូង ?

ផលិតផលក្នុងស្រុកសរុប នៅត្រីមាសទី ១ របស់ចិនបានកើនឡើងដល់ ៤,២៨ ពាន់ពាន់លានយ៉ន់ (៦៥៥ ពាន់លានដុល្លារ) ចាប់ពីខែមករា ដល់ខែមីនាឆ្នាំមុន។ ដែលចំនួននេះផងដែរ គឺវាស្មើទៅនឹងទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសប៉ូឡូញ នៅឆ្នាំ ២០២០ ឬក៏ស្មើនឹងពីរដងនៃតម្លៃភាគហ៊ុនសរុបទាំងអស់ របស់ក្រុមហ៊ុនខ្នាតយក្សផលិតទំនិញប្រណីតៗ LVMH របស់ប្រទេសបារាំង ។

តើអ្វីដែលកំពុងជំរុញនូវការស្តារឡើងវិញនៃសេដ្ឋកិច្ច ១៦ ទ្រីលានដុល្លាររបស់ចិន?

ការងើបឡើងវិញនៃសេដ្ឋកិច្ចចំនួន ១៦ ទ្រីលានដុល្លាររបស់ប្រទេសចិន កាលពីឆ្នាំទៅ គឺទទួលបានពីវិស័យឧស្សហកម្មដ៏ធំរបស់ពួកគេ ។ ជាក់ស្តែងរោងចក្រនៅចិនជាច្រើនមានសន្ទុះការងារកើនឡើងជាលំដាប់ ដោយសារតែមានការកម្ម៉ង់អីវ៉ាន់ពីក្រៅប្រទេសច្រើន ដោយរាប់តាំងពីម៉ាស ឬឧបករណ៍អេឡិចត្រូនិកសម្រាប់ធ្វើការពីផ្ទះជាដើម ស្របពេលរោងចក្របរទេសដទៃទៀតមិនអាចផលិតទាន់ប្រទេសចិនឡើយ ដោយសារតែសារបញ្ហាកូវីដ-១៩ ។

សម្រាប់ឆ្នាំនេះវិញ អតិថិជនចិន នៅទីបំផុតអាចធ្វើការចាយវាយលុយរបស់ពួកគេបានពេញលេញវិញហើយ បន្ទាប់ពីមានភាពស្ទាក់ស្ទើអស់រយ:ពេលជាច្រើនខែ។ កត្តានេះបានធ្វើឲ្យការលក់រាយក្នុងប្រទេសហក់ឡើងខ្ពស់រហូតដល់ ៣៤,២ ភាគរយ នៅក្នុងខែមីនាបើធៀបនឹងឆ្នាំមុន ។ អ្វីដែលសំខាន់ជាងនេះ គឺថាចំនួននេះបានកើនឡើង ១២,៩ ភាគរយ ខ្ពស់ជាងកាលពីខែមីនាឆ្នាំ ២០១៩ នៅពេលដែលជំងឺកូវីដ ១៩ មិនទាន់ផ្ទុះឡើងទៅទៀត ។

តើសេដ្ឋកិច្ចរបស់ប្រទេសចិន ងើបចេញពីវិបត្តិកូវីដ ១៩ ពេញលេញវិញហើយឬនៅ?

សូចនាករសេដ្ឋកិច្ចសំខាន់ៗ រាប់ចាប់ពីផលិតផលក្នុងស្រុកសរុប ផលិតកម្មឧស្សាហកម្ម ពាណិជ្ជកម្ម ការលក់រាយ និងការវិនិយោគបានបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញ ដល់កម្រិតមុនកូវីដ។

ប៉ុន្តែទីក្រុងប៉េកាំងនៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ អំពីការប្រកាសនៃភាពច្បាស់លាស់ចំពោះការងើបឡើងវិញនេះ ដោយនិយាយថាមូលដ្ឋាននៃការជាសះស្បើយនៅតែមិនមានភាពរឹងមាំ ។

សញ្ញានៃការថយចុះបានលេចចេញឡើងរួចទៅហើយ។ រៀងរាល់ត្រីមាសនីមួយៗ កំណើនផលិតផលក្នុងស្រុកសរុបបានថយចុះមកត្រឹម ០,៦% ក្នុងខែមករាដល់ខែមីនា ធៀបនឹងពេលកើនឡើង ៣,២% នៅក្នុងត្រីមាសខែតុលា ដល់ខែធ្នូ ។ មិនតែប៉ុណ្ណោះចំនួននេះ ក៏ខុសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចវិទូផងដែរ ជាមួយនឹងការសន្និដ្ឋានថា អាចកើនឡើង ១,៥% ។

តើផលិតផលក្នុងស្រុកសរុបរបស់ចិន បានវ៉ាដាច់សេដ្ឋកិច្ចរបស់អាមេរិកមែនទេ?

បើទោះបីជាឆ្នាំទៅ សេដ្ឋកិច្ចអាមេរិក បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ដូចទៅនឹងឆ្នាំ ១៩៤៦ ក៏ដោយ ប៉ុន្តែពួកគេនៅតែជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក ពោលគឺមានចំនួនប្រហែល ២១ ទ្រីលានដុល្លារ នៅពេលមិនទាន់បានកែតម្រូវអតិផរណា។

ប៉ុន្តែប្រទេសចិនបានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ចរន្តសេដ្ឋកិច្ចនៅទូទាំងពិភពលោក ដោយសារតែពួកគេទទួលបានការកត់សម្គាល់តាមរយ:វិស័យជាច្រើន ។

តួយ៉ាងប្រទេសនេះ ទិញរថយន្តច្រើនជាងប្រទេសណាៗទាំងអស់ ស្របពេលពួកគេក៏ជាប្រទេសឈរលើគេ ក្នុងការផលិតរថយន្តអគ្គិសនីផងដែរ ។ ដោយឡែកសម្រាប់ប្រទេសលក់រាយជាច្រើនលើពិភពលោក ទាំងទំនិញលក់តាមដងផ្លូវ និងទំនិញប្រណីត ចិនក៏ឈរនៅលើគេផងដែរ ជាពិសេសនៅពេលទីផ្សារបរទេសនៅតែទទួលរងផលប៉ះពាល់ដោយសារកូវីដ ១៩ ស្របពេលចិនមានសេរីភាពពេញលេញឡើងវិញ ពីរោគរាតត្បាតជាសកលមួយនេះ ។

មិនតែប៉ុណ្ណោះរបាយការណ៍មួយរបស់ស្ថាប័ន Centre for Economics and Business Research បានព្យាករណ៍ថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២៨ ខាងមុខ ពោលគឺ ៥ ឆ្នាំលឿនជាងការប៉ាន់ស្មានទុកពីមុន។

តើកត្តាសំខាន់អ្វីខ្លះ ដែលធ្វើឲ្យសេដ្ឋកិច្ចចិនអាចងើបឡើងវិញបានយ៉ាងឆាប់រហ័ស?

កំណើននៅត្រីមាសទីមួយរបស់ប្រទេសចិន ដែលបានរងផលប៉ះពាល់កាលពីឆ្នាំមុន ទំនងជានឹងវិលត្រឡប់មករកភាពធម្មតាវិញនៅចុងឆ្នាំនេះ។ រដ្ឋាភិបាលចិនបានកំណត់ទិសដៅរួចហើយ ក្នុងការបង្កើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំយ៉ាងហោចណាស់ ៦% សម្រាប់ឆ្នាំ ២០២១ ។

យ៉ាងណាកំណើនការនាំចេញរបស់ចិនអាចនឹងមានធ្លាក់ចុះវិញបន្តិចផងដែរ នៅប៉ុន្មានខែខាងមុខនេះ ពោលគឺនៅពេលដែលការចាក់វ៉ាក់សាំងជាសកលមានការកើនឡើង ហើយប្រទេសផ្សេងទៀតចាប់ផ្តើមដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ដែលជាហេតុអាចផ្តល់ផលប៉ះពាល់ដល់ឧស្សាហកម្មរបស់ចិន។

មិនតែប៉ុណ្ណោះ រោងចក្រចិនបច្ចុប្បន្នក៏កំពុងជួបបញ្ហារួចទៅហើយ ជាមួយនឹងការឡើងថ្លៃនៃតម្លៃវត្ថុធាតុដើម និងកង្វះខាតបន្ទះឈីប ដែលចំាបាច់បំផុតក្នុងការផលិតគ្រឿងអេឡិចត្រូនិក ដោយរាប់តាំងពីកុំព្យូទ័រ រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ  ដែលបង្ករឡើងដោយការរីករាលដាលនៃកូវីដ ១៩  ៕

ប្រភព: Economictimes

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ