កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសគម្រោងដ៏អស្ចារ្យមួយដោយប្រើកញ្ចប់ថវិកាប្រមាណ ១០០ លានដុល្លារ ដើម្បីជួយដល់អាជីវកម្មខាតតូច ដែលគ្រប់គ្រងដោយសហគ្រិនក្មេងៗ និងស្ត្រី។
គោលបំណងនៃគម្រោងមួយនេះ គឺដើម្បីរក្សា ក៏ដូចជាលើកទឹកចិត្តដល់អ្នកចង់ចាប់ផ្ដើមអាជីវកម្មពីខ្នាតតូច តែជួបបញ្ហាដូចជា អតិថិជនមិនអាចសងថ្លៃទំនិញទាន់ពេល បណ្ដាលឲ្យម្ចាស់អាជីវកម្មមានភាពរាំងស្ទះដល់ការបង្វិលលុយជាដើម។
ដូច្នេះហើយ Facebook បានប្រកាសនឹងជួយសម្រួលបញ្ហាមួយនេះ ដោយម្ចាស់អាជីវកម្មអាចដាក់សំណើ ដោយមានវិក្កយបត្របំណុលពីអតិថិជន ទៅកាន់ Facebook ក្នុងចំនួនយ៉ាងតិច ១ ០០០ ដុល្លារ ហើយប្រសិនបើសំណើនោះត្រូវបានយល់ព្រម Facebook នឹងធ្វើការទិញយកវិក្កយបត្របំណុលនោះ និងប្រគល់ប្រាក់ជូនម្ចាស់អាជីវកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ។
ដោយឡែកម្ចាស់បំណុលនៅក្នុងវិក្កយបត្រអាចធ្វើការសងបង្វិលប្រាក់ទៅក្រុមហ៊ុន Facebook តាមរយៈមធ្យោបាយផ្សេងៗ។
បច្ចុប្បន្ន Facebook កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកគម្រោងនេះឲ្យកាន់តែទូលំទូលាយ ខណៈពួកគេរំពឹងថា ថវិកាប្រមាណ១០០ លានដុល្លារនោះ នឹងអាចជួយសម្រួលដល់អាជីវកម្មខ្នាតតូចប្រមាណ ៣០ ០០០ កន្លែង។
កន្លងមកដោយសារមានការគាំទ្រថវិកាពី Facebook បានជួយដោះស្រាយការលំបាករបស់សហគ្រិនខ្នាតតូចមួយចំនួន។ ជាក់ស្ដែង ដូចជាសហស្ថាបនិក The Wright Stuff Chics ដែលលក់សម្ភារៈសម្រាប់គ្រូៗ កាលពីដើមឆ្នាំ ២០២១ អាជីវកម្មរបស់អ្នកស្រីសឹងតែទៅមុខមិនរួច ដោយសារអតិថិជនមិនអាចសងប្រាក់ទាន់ពេល។ តែដោយសារបានចូលរួមជាមួយកម្មវិធីរបស់ Facebook ទើបអ្នកស្រីអាចបន្តដំណើរអាជីវកម្មបានទៀត ព្រោះ Facebook បានជួយទិញវិក្កយបត្របំណុលដែលគិតជាសាច់ប្រាក់ប្រមាណ ១០ ០០០ ដុល្លារ និងទូទាត់ត្រឹមរយៈពេល ២-៣ ថ្ងៃប៉ុណ្ណោះ៕
ប្រភព: cnbc