គ្រប់គ្នាតម្រូវឲ្យធ្វើការនៅផ្ទះ និងកាត់បន្ថយការជួបជុំគ្នា អំឡុងពេលស្ថានការណ៍ COVID-19 នៅមិនទាន់អន់ថយ។ នៅប្រទេសថៃឯណោះវិញ វាបែរជាជួយឲ្យអ្នកលក់ទំនិញម្នាក់ក្លាយជាមហាសេដ្ឋី ក្នុងគ្រាលលំបាកនេះទៅវិញ។

លោក Adisak Tangmitrphracha ទើបបានឡើងងារជាមហាសេដ្ឋីប្រាក់ពាន់លានថ្មីមួយទៀតប្រចាំប្រទេសថៃ ដែលគួរតែអរគុណដល់ស្ថានភាព COVID-19 ព្រោះនៅពេលមនុស្សធ្វើការងារនៅផ្ទះ នាំឲ្យអាជីវកម្មរបស់លោកហក់ស្ទុះយ៉ាងគំហុក។ លោក Adisak ដែលបានបើកហាងលក់សម្ភារៈកែលំអលំនៅឋានតាំងពីឆ្នាំ១៩៨២ ចាប់បានឱកាសកើនទ្រព្យសម្បត្តិលើសពី ១ ពាន់លានដុល្លារនៅលើទីផ្សារហ៊ុនថៃ។
Dohome ដែលជាក្រុមហ៊ុនលក់សម្ភារៈសំណង់សម្រាប់កសិករក្នុងស្រុក និងអ្នកម៉ៅការផ្សេងៗ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនច្រើនផ្សេងទៀត ដែលមានតម្លៃហ៊ុនកើនឡើងទ្វេដងកំឡុងពេលការរាតត្បាតនៃ COVID-19។

តាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ប្រាក់ចំណូលរបស់ Dohome គឺគិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២១ កើនឡើងដល់ ៣១១% ឯណោះ ដែលនាំឲ្យទ្រព្យសម្បត្តិរបស់លោក Adisak កើនយ៉ាងលឿន ពោលគិតមកត្រឹមពេលនេះមានប្រមាណ ១,៣ ពាន់លានដុល្លារ។

បើតាមការសម្ភាសន៍ជាមួយអតិថិជនផ្ទាល់របស់ Dohome បានឲ្យដឹងថា មូលហេតុដែលគាត់តែងតែទិញសម្ភារៈនានានៅទីនេះរយៈពេល ៥ ឆ្នាំកន្លងមក គឺដោយសារ Dohome មានឃ្លាំងឥវ៉ាន់ធំជាងក្រុមហ៊ុនផ្សេងៗ ជាមួយតម្លៃសមរម្យ ពោលទោះស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផល ក៏ក្រុមហ៊ុននេះមិនកេងចំណេញខ្លាំងពីអតិថិជនឡើយ៕
ប្រភព: Celebritynetworth