ដោយសារមើលឃើញពីតម្រូវការក្នុងស្រុកចំពោះបន្លែ ជាក់ស្តែងប៉េងប៉ោះប្រហែលកន្លះលានតោនត្រូវបាននាំចូល ក្រុមហ៊ុន EKO-Culture របស់រុស្សី មានគម្រោងចង់បង្កើតរោងដំណាំដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ចៀសវាងបង្ហូរលុយចេញទៅក្រៅ។

គម្រោងនេះគ្រោងចាយអស់ប្រមាណ ១០៥ លានដុល្លារសម្រាប់ដំណាក់កាលទីមួយនៅលើផ្ទៃដី ៤០ ហិកតា និងពង្រីកបន្ថែមលើផ្ទៃដី ៦០ ហិកតាទៀត នឹងបញ្ចប់នៅឆ្នាំ ២០២៤។

ប្រធានក្រុមហ៊ុន EKO-Culture លោក Alexander Rudakov បានបង្ហើបថា សម្រាប់ផ្ទៃដីដាំដំណាំទាំង ១០០ ហិកតានេះ នឹងផ្ដល់ចំណូលដល់ក្រុមហ៊ុនប្រមាណ ៨០ លានដុល្លារ/ឆ្នាំ។ គម្រោងនេះនឹងធ្វើឲ្យប្រជាជនក្នុងតំបន់មានការងារធ្វើប្រមាណ ២ ០០០ នាក់ ព្រោះក្រុមហ៊ុននឹងមិនប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រមូលផលឡើយ។

លោក Alexander ក៏បានបញ្ជាក់ដែរថា ចំពោះបញ្ហាទីផ្សារគឺមិនមានការព្រួយបារម្ភឡើយ ដោយសារឈ្មួញក្នុងស្រុក ដូចជាផ្សារទំនើបក្នុងស្រុកជាដើមសុទ្ធតែបានចរចាត្រូវរ៉ូវក្នុងការទទួលយកផលិតផលរបស់លោកស្រាប់ហើយ ដោយសារដំណាំក្នុងស្រុកមានគុណភាពជាងការនាំចូលពីប្រទេសផ្សេង។

បញ្ជាក់ដែរថា EKO-Culture គឺជាក្រុមហ៊ុនផលិតដំណាំបន្លែក្នុងផ្ទះកញ្ចក់ដ៏ធំមួយនៅសហព័ន្ធរុស្សី ជាមួយទំហំផ្ទៃដីសរុបជាង ៣០០ ហិកតា។ ហើយមិនមែនមានតែប៉េងប៉ោះទេ ក្រុមហ៊ុននេះមានដំណាំផ្សេងៗដូចជា ត្រសក់ និងសាលាដជាដើម ដែលជារៀងរាល់ឆ្នាំពួកគេផ្គត់ផ្គង់នៅក្នុងស្រុកបានប្រមាណ ២៥ ម៉ឺនតោនឯណោះ៕
ប្រភព: globalconstructionreview