CEO Ford បច្ចប្បន្នលោក Farley ត្រូវបានចរចារទិញទឹកចិត្ត ១២ លានដុល្លារ មុនចូលកាន់តំណែងធំនេះ

អន្តរជាតិ

ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីឈ្មោះមួយ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះកំពុងក្តោបក្តាប់ជាប់ចំណាត់លេខ ១៥ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដែលមានមូលធនទីផ្សារធំបំផុតនៅលើលោក ពោលគឺប្រមាណ ៥១,៣៧ ពាន់លានដុល្លារ ។ ក្រឡែកមើលប្រាក់ចំណូលដែលក្រុមហ៊ុនទទួលបាន គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១នេះ គឺមានចំនួន ២៦,៧៥២ ពាន់លានដុល្លារ ដោយកើនឡើងក្នុងរង្វង់ ៣៨,១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Ford Motor Company ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយលើពិភពលោកកំពុងពេញនិយម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dearborn រដ្ឋ Michigan សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Ford ត្រូវបានបង្កើតឡើងដោយលោក Henry Ford ដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ១៦ ខែ មិថុនាឆ្នាំ ១៩០៣។ ភាពជោគជ័យឥតឈប់ឈរក្នុងវិស័យ​ឧស្សាហកម្ម​យានយន្ត ដោយផលិតរថយន្តស៊េរីទំនើបគុណភាពជាចម្បងសម្រាប់ផ្គត់ផ្គង់ទីផ្សារប្រមាណជាង ១១៨ ឆ្នាំមកនេះ Ford មានឈ្មោះល្បីល្បាញ ខណៈពេលបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកខ្លួន ជាមួយនឹងការបង្កើតរោងចក្រជាច្រើននៅទូទាំងពិភពលោក ដូចជា សហរដ្ឋអាមេរិក កាណាដា ម៊ិចស៊ិកកូ ចិន ឥណ្ឌា អង់គ្លេស អាល្លឺម៉ង់ និងប្រទេសជាច្រើន ។

ជាមួយគ្នានេះ ក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញ Ford ក៏មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជារួចមកហើយតាមរយៈក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន ដៃគូយូរអង្វែង របស់ខ្លួនអស់រយ:ពេលជាច្រើនឆ្នាំ។ ថ្មីៗនេះ Ford បានបង្ហាញពីគម្រោងច្បាស់លាស់ គ្រោងមកបោះទីតាំង រោងចក្រផ្គុំនិងដំឡើងរថយន្ត Ford ដោយបោះទុនវិនិយោគប្រមាណ ២១ លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ នៅក្នុងភូមិសាស្រ្តខេត្តពោធិសាត់ ។

លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA ថ្លែងក្នុងកិច្ចប្រជុំថា៖ ” ទីផ្សាររថយន្តថ្មី Ford លក់ចេញសរុបបានចំនួន ៤៦៧៩ គ្រឿងកើនជាង ៤៥% ក្នុងឆ្នាំ ២០២១ ។ ជាមួយនឹង ចំណែកទីផ្សារធំជាងគេនៅកម្ពុជា បែបនេះក៏ជាកត្តាធ្វើឲ្យក្រុមហ៊ុន RMA សម្រេចចិត្តសង់រោងចក្រដំឡើងរថយន្ត Ford ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែមួយគត់ផងដែរ “

បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Ford នៅកម្ពុជា រោងចក្រនេះ នឹងតំឡើងរថយន្តពីរម៉ូឌែលមុនគេគឺ រថយន្ត Ford Ranger (XLT, Wildtrack) និងរថយន្ត Ford Everest ។ ការដំឡើងនោះទៀតសោត ផ្តោតតែម៉ូឌែលណាដែលគេអនុញ្ញាតសិន (លក់ដាច់ខ្លាំង) ទើបឆ្នាំបន្តបន្ទាប់ទើបដំឡើងគ្រប់ម៉ូឌែលទាំងអស់។

ជុំវិញភាពជោគជ័យរបស់ក្រុមហ៊ុន Ford ឧកញ៉ាញូស៍ សូមលើកទុកដោយឡែក ប៉ុន្តែម៉ោងនេះចង់បង្វែអារម្មណ៍ប្រិយមិត្តមកស្គាល់ CEO របស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយនៅលើលោកមួយនេះ ដូចតទៅ៖

លោក Jim Farley Jr ជានាយកប្រតិបត្តិ (Chief Executive Officer)ក្រុមហ៊ុន Ford Motor Company ដែលបានចូលកាន់តំណែងជំនួសលោក Jim Hackett អ្នកជំនួញជនជាតិអាមេរិកមានទ្រព្យសម្បត្តិសរុប ៥០ លានដុល្លារ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ស្របពេលដែលលោកក៏កាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនយក្សផលិតរថយន្ត Ford នេះផងដែរ។

កន្លងមក Ford បានរាយការណ៍ថា CEO លោក Farley ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ១២.៤៩១.៥៤០ ដុល្លារ។ ខណៈដែលទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់លោកសរុបមានប្រមាណ ៧១.៣ លានដុល្លារអាមេរិក ដោយគិតត្រឹមថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ។

ក្នុងនាមជានាយកប្រតិបត្តិ លោក Farley បានប្តេជ្ញាផ្តោតជាសំខាន់លើការពន្លឿនការផ្លាស់ប្តូររបស់ Ford តាមរយៈឧត្តមភាពនៃការប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងផ្តល់នូវកំណើនប្រាក់ចំណេញប្រកបដោយនិរន្តរភាព។

លោក Jim Farley Jr កើតនៅឆ្នាំ ១៩៦២ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Georgetown នៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និងសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា រដ្ឋ Los Angeles (UCLA) ផ្នែកគ្រប់គ្រង។

នៅមុនពេលចូលរួមជាមួយ Ford នឹងក្តោបដំណែងធំជា CEO ក្នុងឆ្នាំ ២០០៧ លោក Farley គឺជាអនុប្រធានក្រុម ហើយក្រោយមកត្រូវបានតែងតាំជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Toyota ដែលដឹកនាំការលក់ និងគ្រប់គ្រងផ្នែកទីផ្សារសម្រាប់ម៉ាកយីហោ Lexus ។

តែទោះជាយ៉ាងណា ធ្វើការមិនបានប៉ុន្មានផង លោក Farley ក៏ត្រូវបានបញ្ចុះបញ្ចូលឲ្យចាកចេញពីក្រុមហ៊ុន Toyota វិញ ដែលចរចារនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Bill Ford ក្នុងឆ្នាំ ២០០៧ ។ ទីបំផុតលោកត្រូវបានតែងតាំងជាប្រធានផ្នែកលក់ និងសេវាកម្មទីផ្សារពិភពលោក សម្រាប់ក្រុមហ៊ុន Ford នៅក្នុងឆ្នាំ ២០១០ ខណ:គាត់ក៏បានក្លាយជាប្រធានផ្នែកគ្រប់គ្រងការផលិតរថយន្ត Ford ទូទាំងពិភពលោកផងដែរ ។

លើសពីនេះ លោកក៏ជាអ្នកទទួលខុសត្រូវផ្នែកប្រតិបត្តិការជាសកលសម្រាប់ក្រុមហ៊ុន Lincoln  ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៤ ផងដែរ មុនពេលទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការអន្តរជាតិ នៅខាងប៉ែកអឺរ៉ុប របស់ក្រុមហ៊ុន។

ជាមួយគ្នានេះ ក្រោយពីទទួលតំណែងបន្តពីលោក Hackett នាយកប្រតិបត្តិថ្មីសញ្ជាតិអាមេរិករូបនេះ បានដាក់ចេញយុទ្ធសាស្រ្តសំខាន់ៗ ដោយរួមបញ្ចូលទីផ្សារពិភពលោករបស់ក្រុមហ៊ុន ក៏ដូចជាការបណ្តាក់ទុនអាជីវកម្មថ្មីៗ តម្លៃ ២៩ ពាន់លានដុល្លារក្នុងការផលិតរថយន្តបើកដោយស្វយ័ត និងរថយន្តអគ្គិសនី រហូតដល់ឆ្នាំ ២០២៥ ។

លោក Jim Farley Jr បានបង្ហាញពីទស្សន:ថា ៖ “ ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់លោក Jim Hackett យើងទទួលបានភាពជោគជ័យដ៏មានន័យ និងបានក្លាយជាក្រុមហ៊ុនមួយយ៉ាងសកម្ម និងរីកចម្រើនបំផុត។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើតាមគោលការណ៍ទាំងនោះបន្ត។ យើងនឹងប្រកួត បែងចែកធនធានដើម្បីរកភាពរីកចម្រើន និងស្វែងរកឱកាសជោគជ័យ និងបង្កើនចំនួនអតិថិជនតាមរយ:ផលិតផល និងបទពិសោធល្អៗ “

សូមបញ្ជាក់ថា ក្រុមហ៊ុន Ford & Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអាមេរិកតែមួយគត់ ដែលគ្មានបទពិសោធនក្ស័យធនក្នុងចំណោមក្រុមហ៊ុនចាប់ផ្តើមផលិតរថយន្តចំនួន ១០០០ គ្រឿង និយាយជារួម គឺលំហូរសាច់ប្រាក់វិជ្ជមានជានិច្ច។

ក្រុមហ៊ុន Ford បានរាយការណ៍ថា ប្រាក់ចំណូលនៅត្រីមាសទី ១ ឆ្នាំនេះមុនពេលបង់ពន្ធដែលបានតម្រូវ EBIT សរុបមានចំនួន ៤,៨ ពាន់លានដុល្លារ ដោយចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ ២០២០ កន្លងទៅ ចំនួន ៦៣២ លានដុល្លារ ចំណែកឯឆ្នាំ ២០១៩ វិញ មាន ២,៤ ពាន់លានដុល្លារ នៅត្រីមាសទី ១ ដូចគ្នា៕