Texas Medical Center ហៅកាត់ TMC កំពុងមានគម្រោងសាងសង់មន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Houston រដ្ឋ Texas ចំណាយជាង ១,៨ ពាន់លានដុល្លារ ជាគម្រោងមន្ទីរពេទ្យធំបំផុតលើពិភពលោក។

TMC គឺជាមន្ទីរពេទ្យសុខភាពកុមារធំបំផុត និងជាមន្ទីរពេទ្យជំនាញផ្នែកជំងឺមហារីកថែមទៀត ហើយអាចនិយាយបានថា ជាមន្ទីរពេទ្យមួយកន្លែងដែលមានប្រតិបត្តិការច្រើនស្អេកស្កះ អាចសម្រាលទារកកើតថ្មីរៀងរាល់ ២០ នាទីម្ដង និងការវះកាត់វិញរៀងរាល់ ៣ នាទីម្ដងនៅទីនោះ។

គម្រោងមន្ទីរពេទ្យនេះមានឈ្មោះថា TMC3 ក្រោមការចាត់ចែងរបស់ស្ថាបត្យករល្បីឈ្មោះ Elkus Manfredi ដែលនឹងសាងសង់លើផ្ទៃដី ៥៥៧ ០០០ ម៉ែត្រការ៉េ។ បើតាមគម្រោងមិនមែនត្រឹមតែជាមន្ទីរពេទ្យឡើយ វានឹងមកជាមួយកន្លែងស្រាវជ្រាវ កន្លែងសិក្សា អាចអនុញ្ញាតឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនសហការស្វែងរកថ្នាំថ្មីៗ ឧបករណ៍វេជ្ជសាស្ត្រថ្មីៗជាដើម។

បញ្ជាក់ដែរថា គម្រោងសាងសង់ទីក្រុងវេជ្ជសាស្ត្រមួយនេះគឺមានការចូលរួមពីមន្ទីរស្រាវជ្រាវជាច្រើនកន្លែងមានដូចជា TMC, Baylor College of Medicine, Texas A&M University, the University of Texas Health Science Centre at Houston និង the University of Texas MD Anderson Cancer Centre ជាដើម៕
ប្រភព: globalconstructionreview