រដ្ឋាភិបាលអារ៉ាប់រួមថ្មីៗនេះ បានប្រកាសចេញទិដ្ឋាការថ្មីមួយ ដើម្បីស្រូបទាញការវិនិយោគពីបរទេសច្រើនរយពាន់លានដុល្លារ។
ទិដ្ឋាការថ្មីឈ្មោះ Green Visas នឹងអនុញ្ញាតឲ្យជនបរទេសស្នើយកប្រើប្រាស់ក្នុងការធ្វើដំណើរចូលក្នុងប្រទេសអារ៉ាប់រួម ដោយមិនចាំបាច់ត្រូវការធានាពីបុគ្គលិកក្រុមហ៊ុន ជាពិសេសក៏អនុញ្ញាតសម្រាប់អ្នកមានអាយុក្រោម ២៥ ឆ្នាំទៀតផង។ នេះបើតាមការចុះផ្សាយរបស់ Business Standard។
លើសពីនេះ ទិដ្ឋាការថ្មីនេះនឹងអនុញ្ញាតឲ្យបុគ្គលណាដែលបាត់បង់ការងារ អាចរស់នៅក្នុងប្រទេសអារ៉ាប់រួមរយៈពេល ១៨០ ថ្ងៃ ដែលនេះគឺជាចំណុចសំខាន់បំផុត ព្រោះជាទូទៅកិច្ចសន្យាការងារគឺតែងភ្ជាប់ជាមួយទិដ្ឋាការ ដែលមានន័យថា ប្រសិនបើជនណាបាត់បង់ការងារ អាចប្រឈមនឹងការផុតកំណត់ទិដ្ឋាការ។
បន្ថែមពីនោះ រដ្ឋាភិបាលអារ៉ាប់រួមប្រកាសទៀតថា នឹងផ្ដល់ជូនទិដ្ឋាការរយៈពេលចន្លោះពី ៥ ទៅ ១០ ឆ្នាំសម្រាប់វិនិយោគិនមានទ្រព្យហូរហៀរ សហគ្រិន អ្នកមានទេពកោសល្យផ្សេងៗដូចជា អ្នកស្រាវជ្រាវជាដើម។
ប្រទេសអ្នកមានមួយនេះ ក៏បានមានគម្រោងចង់ឆ្លៀតយកផលចំណេញពីការប្រកាសទិដ្ឋាការថ្មីនេះ ដើម្បីទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិកមកបណ្ដាក់ទុនក្នុងប្រទេស ដោយរំពឹងថាអាចទទួលបាន ១៥០ ពាន់លានដុល្លារពីការបណ្ដាក់ទុនក្រៅប្រទេស។
បច្ចុប្បន្នចំនួនប្រជាជននៅអារ៉ាប់រួមគឺសំបូរទៅដោយជនបរទេស ដែលអាចនិយាយបានថា ច្រើនជាង ៨០% នៃចំនួនប្រជាជននៅអារ៉ាប់រួមគឺជាជនជាតិបរទេស ដែលនេះគឺជាសសរទ្រូងសំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសស្តេចប្រេងកាតដ៏ធំនៅមជ្ឍឹមបូពា៌នេះ។
ប្រភព: nairametrics