តម្លៃ Apartment នៅទីក្រុងល្បីឈ្មោះពីរនេះ បន្តកើនឡើង ទោះបីតម្រូវការធ្លាក់ចុះ

អន្តរជាតិ

គេហទំព័រចុះបញ្ជីអចលនទ្រព្យដ៏ពេញនិយមមួយ បានបង្ហាញតម្លៃអាផាតមិន (Apartment) នៅទីក្រុងហូជីមិញ បានកើនឡើងដល់ ៩ ភាគរយ គិតត្រឹមខែសីហា និង ៨ ភាគរយនៅទីក្រុងហាណូយ បើទោះបីជាតម្រូវការមានការធ្លាក់ចុះក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកស្តែងគេហទំព័រ Batdonngsan.com បាននិយាយថា តម្រូវការអាផាតមិន នៅក្នុងទីក្រុងហូជីមិញបានធ្លាក់ចុះ ២៣ ភាគរយ នៅក្នុងខែនេះ និងធ្លាក់ចុះ ៤៣ ភាគរយនៅក្នុងទីក្រុងហាណូយ ដែលនេះគឺជាតួលេខធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់មួយ ។

បើទោះជាតម្រូវការផ្នែកអចនលទ្រព្យមានការថយចុះច្រើនបែបនេះក៏ដោយ ប៉ុន្តែតម្លៃរបស់វានៅតែបន្តកើនឡើងជានិច្ច ។

ទន្ទឹមនឹងនេះលោក Dinh Minh Tuan នាយករបស់គេហទំព័រ Batdongsan បាននិយាយថា ការធ្លាក់ចុះតម្រូវការនេះ ដោយសារតែប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងការ​រឹត​បន្តឹង​ច្បាប់រក្សាគំលាតសង្គម ដោយសារកូវីដ ១៩ ដូច្នេះហើយទើបធ្វើឲ្យអ្នកវិនិយោគជាច្រើន ផ្លាស់ប្តូរពីវិស័យអចលនទ្រព្យ និងងាកទៅរកទីផ្សារភាគហ៊ុនវិញ ។ ប៉ុន្តែ នេះគ្រាន់តែជាការវិនិយោគបណ្តោះអាសន្នសម្រាប់ពួកគេប៉ុណ្ណោះ ខណ:គេរំពឹងថាអ្នកវិនិយោគទាំងនោះនឹងចាប់ផ្តើមទិញអចលនទ្រព្យឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតត្រូវបញ្ចប់ ។

មិនតែប៉ុណ្ណោះ លោកស្រី Giang Huynh ជាអ្នកគ្រប់គ្រងការស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន Savills Vietnam បាននិយាយថាតម្លៃអាផាតមិន មានការកើនឡើងប្រមាណ ៤០ ភាគរយនៅលើទីផ្សារក្នុងស្រុក បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារ Covid នៅមួយរយ:ពេលចុងក្រោយនេះក៏ដោយ ។

លោកស្រីបានបន្ថែមទៀតថា ដោយសារទីតាំងសាងសង់មានចំនួនកំណត់ តម្លៃដីមានការកើនឡើង រយៈពេលនៃការសុំសិទ្ធសាងសង់ប្រើពេលយូរ និងកង្វះខាតផ្នែកផ្គត់ផ្គង់ គឺជាកត្តាសំខាន់ដែលធ្វើឲ្យតម្លៃអចលនទ្រព្យមានការហក់ឡើងខ្ពស់បែបនេះ៕

ប្រភព: VN Express