ប្រទេសចិន បានសម្រេចផ្អាកនាំចូលផ្លែស្រកានាគពីប្រទេសវៀតណាមជាបណ្តោះអាសន្នតាមរយ:ស្ពានអណ្តែតទឹកមួយ នៅទីក្រុង Dongxing បន្ទាប់ពីសង្ស័យថាមានវីរុសកូរ៉ូណាប្រភេទថ្មី នៅលើការវេចខ្ចប់ ។
ការផ្អាកជាបណ្តោះអាសន្ននេះ ត្រូវបានចាប់ផ្តើមនៅសប្តាហ៍នេះ ប៉ុន្តែយ៉ាងណាការនាំចូលនឹងត្រូវដំណើរការជាធម្មតាវិញ នៅម៉ោង ១១ យប់ ថ្ងៃទី ២១ ខែកញ្ញា ប្រសិនបើរកមិនមើលឃើញថាមានហានិភ័យនៃជំងឺកូវីដ ១៩ ថ្មីទេនោះ ។ នេះបើតាមការបញ្ជាក់របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម ។
មិនតែប៉ុណ្ណោះ ប្រទេសចិន ក៏នឹងអនុវត្តផ្អាកការនាំចូលមួយសប្តាហ៍ដូចគ្នា ចំពោះផលិតផលផ្សេងទៀត ដែលគេសង្ស័យថាមានផ្ទុកវីរុស។ ដោយឡែកច្បាប់នេះអាចនឹងត្រូវពន្យាពេលដល់ ៤ សប្តាហ៍ ប្រសិនបើផលិតផលដែលនាំចូល ត្រូវរកឃើញថា មានផ្ទុកវីរុស នៅក្នុងករណី ៣ ផ្សេងគ្នានោះ ។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មវៀតណាម បានបញ្ជាឱ្យម្ចាស់អាជីវកម្ម ចាំបាច់ត្រូវធ្វើការពិនិត្យឡើងវិញ នូវដំណើរការប្រមូលផល និងវេចខ្ចប់របស់ពួកគេ ដើម្បីចៀសវាងការជួបឧបទ្ទវហេតុស្រដៀងគ្នានេះ ។
ប្រទេសចិន បានក្លាយជាទីផ្សារនាំចេញធំបំផុតទី ២ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក បានរឹតបន្តឹងការនាំចូលផលិតផលវៀតណាម ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែប្រទេសនេះកំពុងប្រឈមមុខជាមួយរលកកូវីដ ១៩ ជាលើកទី ៤ របស់ខ្លួន
សូមបញ្ជាក់ផងដែរថា ស្ពានអណ្តែតទឹក Dongxing នេះ គឺជាការតភ្ចាប់គ្នារវាងខេត្ត Dongxing ប្រទេសចិន និងខេត្ត Guang Ninh របស់ប្រទេសវៀតណាម៕
ប្រភព: VN Express