កាលពីពេលកន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅប្រទេសចិន Evergrande កំពុងមានបញ្ហារកាំរកូសខ្លាំង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីសំណាក់អតិថិជន និងក្រុមវិនិយោគិនជាច្រើន ដោយសារក្រុមហ៊ុនមួយនេះមិនអាចសម្រេចការសាងសង់លំនៅឋានដូចដែលបានសន្យាតាមពេលវេលា។
ក្រៅពីបញ្ហាជាមួយអតិថិជន និងវិនិយោគិន បច្ចុប្បន្ន Evergrande ក៏លឺថាកំពុងជាប់បំណុលធនាគារជាច្រើនរយលាន ដោយមិនទាំងដឹងផងថា អាចរំលោះខ្លួនពីបំណុលបានដែរឬយ៉ាងណា។ ក្នុងករណីដែលក្រុមហ៊ុនគ្មានលទ្ធភាពគ្រប់គ្រាន់សងប្រាក់ធនាគារ នោះពួកគេនឹងត្រូវប្រកាសក្ស័យធនជាមិនខាន។
ឧកញ៉ាញូន៍ បង្ហាញពីប្រវត្តិសង្ខេបខ្លះៗនៃក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអចលទ្រព្យជោគជ័យបំផុតមួយនៅប្រទេសចិន៖
នៅឆ្នាំ ១៩៩៦ គឺជាឆ្នាំដំបូងដែលអតីតបុគ្គលិករោងចក្រផលិតដែកថែប លោក Xu Jiayin ចាប់ផ្ដើមបើកក្រុមហ៊ុន Evergrande ដែលមានគោលដៅសំខាន់អភិវឌ្ឍលំនៅដ្ឋានសម្រាប់គ្រួសារដែលមានជីវភាពមធ្យមជាច្រើនលានគ្រួសារ។
អំឡុងឆ្នាំ ២០០៩-២០១០ Evergrande មានឈ្មោះបោះសំឡេងពេញផ្ទៃប្រទេស ហើយចាប់ផ្ដើមពង្រីកមុខមាត់ ក្រោយប្រកាសទិញក្លឹបបាល់ទាត់ Guangzhou នៅលីគ Chinese Super League និងបានកែឈ្មោះក្លឹបថ្មីដាក់ Guangzhou Evergrande ហើយថែមទាំងបានចាយប្រាក់ច្រើនពាន់លានដុល្លារ នាំយកកីឡាករបរទេសជាច្រើនរូប ដើម្បីអាចធានាការឈ្មោះពានរង្វាន់ប្រចាំលីគកំពូលគ្រប់រដូវកាល។
ក្រោយជោគជ័យលើអចលនទ្រព្យ ក្រុមហ៊ុនបានងាកទៅវិនិយោគលើវិស័យផ្សេងៗដូចជា ការផលិតទឹកដោះគោ គ្រាប់ធញ្ញជាតិ និងវិស័យប្រេងជាដើម។ ក្រោយមកទៀតបង្កើតរថយន្តអគ្គិសនី ដែលនេះជាចំណុចចាប់ផ្ដើមនៃការខ្ចីបំណុលវ័ណ្ឌករបស់ Evergrande។
រំលងបាន ៧ ឆ្នាំ ឬអាចនិយាយបានថាជាឆ្នាំដែលធ្វើឲ្យស្ថាបនិក Xu សប្បាយចិត្តបំផុតនៅក្នុងជីវិត ដ្បិតនៅឆ្នាំ ២០១៧ លោកបានក្លាយជាមហាសេដ្ឋីមានបំផុតនៅតំបន់អាស៊ីជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៤៣ ពាន់លានដុល្លារ។
តែនៅឆ្នាំ ២០១៨ ធនាគារកណ្ដាលចិនចាប់ផ្ដើមតាមឃ្លាំមើលសកម្មភាពក្រុមហ៊ុន Evergrande និងបញ្ចូលទៅក្នុងបញ្ជីក្រុមហ៊ុនជាប់បំណុលច្រើនបំផុត ដែលអាចនឹងក្ស័យធនបានគ្រប់ពេល។
២ឆ្នាំបន្ទាប់ពោលខែសីហា ២០២០ អាជ្ញាធរចាប់ផ្ដើមប្រកាសថា Evergrande ឈានដល់ចំណុចប្រកាសអាសន្នកម្រិតទី ៣ ដែលធ្វើឲ្យវិស័យអចលនទ្រព្យមានការប៉ះពាល់ធ្ងន់ធ្ងរ ស្របពេលក្រុមហ៊ុនត្រូវបង្ខំលក់ទ្រព្យសម្បត្តិប្រមាណ ២៨% ស្មើនឹង ៣ ពាន់លានដុល្លារ និងប្រកាសលក់អចលនទ្រព្យជាច្រើនកន្លែងទៀតជាមួយការបញ្ចុះតម្លៃច្រើនសន្ធឹក។
រំលងមិនទាន់បាន ១ ឆ្នាំផង នៅខែមិថុនា ២០២១ ដើម្បីបង្ការភាពចម្រូងចម្រាស់រវាងម្ចាស់ផ្ទះ និងអ្នកលក់ អាជ្ញាធរបានហាមមិនឲ្យមានការតម្កល់ប្រាក់ច្រើនមុនការសាងសង់រួចរាល់ឡើយ។ បើតាមការស្រាវជ្រាវបានឲ្យដឹងថា Evergrande មានបំណុលប្រមាណ ១,៣ ទ្រីលានយ័ន ឬច្រើនជាង ២០៧ ពាន់លានដុល្លារ សម្រាប់ប្រាក់កក់ដែលបានមកពីអតិថិជនទិញផ្ទះនៅចុងខែមិថុនា ដែលមានន័យថា ក្រុមហ៊ុននៅជំពាក់ផ្ទះភ្ញៀវប្រមាណ ១,៤ លានខ្នង។
នៅខែសីហា និងកញ្ញា ២០២១ ក្រុមហ៊ុន Evergrande ទទួលបានពាក្យបណ្ដឹងពីអតិថិជនជាច្រើនស្ដីពីបំណុលដែលក្រុមហ៊ុនមិនទាន់ទូទាត់សង ស្របពេលEvergrande ក៏មិនអាចនឹងទៅរកធនាគារណាផ្សេងដែលហ៊ានផ្ដល់ប្រាក់កម្ចីដល់ពួកគេ។ បច្ចុប្បន្នគេជឿថាក្រុមហ៊ុនកំពុងប្រឈមហានិភ័យនឹងការប្រកាសក្ស័យធន ព្រោះគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងបំណុល ទាំងធនាគារ និងអតិថិជន។
យ៉ាងណា ការប្រកាសជាផ្លូវការនៅមិនទាន់ធ្វើឡើង ដូច្នេះនៅមិនហ៊ានសន្និដ្ឋានបានឡើយ ដ្បិតពេលនេះ Evergrande កំពុងឡើងតតាំងជាមួយតុលាការ និងមានតែរង់ចាំព័ត៌មានលំអិតនាពេលក្រោយប៉ុណ្ណោះ៕
ប្រភព: Channelnewsasia