ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា Amazon គឺជាទីផ្សារទិញទំនិញអនឡាញធំបំផុតមួយនៅលើពិភពលោក ដែលអនុញ្ញាតឲ្យអាជីវករមកពីគ្រប់ប្រទេស អាចដាក់លក់ផលិតផលបានដោយមិនចាំបាច់មានហាងផ្ទាល់ឡើយ។

យ៉ាងណា ដោយសារមានហាងរាប់ម៉ឺនហាងកំពុងដំណើរការអាជីវកម្មនៅលើ Platform ផ្សារអនឡាញមូលដ្ឋាននៅអាមេរិកនេះ ការឆបោកបន្លំទំនិញគឺជៀសមិនផុតឡើយ ដោយកាលពីពេលថ្មីៗនេះ Amazon បានចេញសេចក្ដីប្រកាសបញ្ឈប់ការលក់ទំនិញម៉ាកយីហោចិនជាង ៦០០ ម៉ាក ឬជាង ៣ ០០០ ហាង បន្ទាប់ពីទទួលបាន Feedback ពីអតិថិជនច្រើនពេកទាក់ទងនឹងឥវ៉ាន់ខុសរូបរាង និងគុណភាពមិនដូចការធានាជាដើម។
បើតាមសេចក្ដីរាយការណ៍ពីThe Verge បានឲ្យដឹងថា យុទ្ធនាការតាមបិទអាជីវកម្មបន្លំទំនុកចិត្តអតិថិជនរបស់ Amazon គឺធ្វើឡើងតាំងពី ៥ ខែមុនម៉្លេះ និងទើបចាប់ផ្ដើមផ្ទុះខ្លាំង ក្រោយAmazon ហាមឃាត់មិនឲ្យលក់ផលិតផលក្រុមហ៊ុន Aukey និង Mpow។

ការបញ្ឈប់មិនឲ្យចែកចាយផលិតផលទាំង ២ ខាងលើ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារ Amazon ចាប់បានថា ក្រុមហ៊ុនទាំង ២ នេះបានផ្ដល់រង្វាន់ ដូចជា Coupon បញ្ចុះតម្លៃដល់អតិថិជនណាសរសើរពីគុណភាពឥវ៉ាន់ ខុសប្រក្រតីដែលខុសពីគោលការណ៍របស់ Amazon។
មិនមែនមានតែផលិតផលយីហោចិនទេ ដែល Amazon កំពុងបន្តតាមបិទ ដោយសារល្មើសគោលការណ៍ខាងលើ ពោលនៅមានក្រុមហ៊ុនជាច្រើនទៀតដែលកំពុងស្ថិតនៅក្នុងរ៉ាដា ក៏ដូចជាកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពី Amazon ផងដែរ៕
ប្រភព: Yahoo