ទីក្រុង Shenzhen នៃប្រទេសចិនបានជាប់ឈ្មោះជាទីក្រុង ដែលមានសំណង់វប្បធម៌ច្រើនបំផុតនៅលើពិភពលោក។

គម្រោងសំណង់វប្បធម៌ ដែលចាយលុយសាងសង់ជាង ១០ លានដុល្លារ តម្លៃគុណឡើងជា ១០ នៅឆ្នាំ ២០១៩ និង ២៤ ដងនៅឆ្នាំ ២០២០ ដែលច្រើនជាងនៅសហរដ្ឋអាមេរិករហូតដល់ ១,៧ ពាន់លានដុល្លារឯណោះ។

ទីក្រុងមួយនេះគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ធំៗដល់ទៅ ១០ កន្លែង និងភូមិវប្បធម៌ ១០ កន្លែងឲ្យរួចរាល់នៅឆ្នាំ ២០២៣ ស្របពេលស្ថាបត្យករដែលចេញប្លង់គម្រោងអស្ចារ្យទាំងនោះគឺសុទ្ធតែលំដាប់កំពូល មានដូចជា Jean Nouvel ប្រទេសបារាំង SANAA ប្រទេសជប៉ុន និង MAD នៃប្រទេសចិនផ្ទាល់។

ប្រភពដដែលបន្ថែមទៀតថា បើមើលតាមគម្រោងចំណាយ អាជ្ញាធរចង់ប្រែក្លាយទីក្រុង Shenzhen ឲ្យក្លាយជាទីក្រុងវប្បធម៌តែម្ដង ព្រោះកន្លងមកឲ្យតែគម្រោងទាក់ទងនឹងផ្នែកវប្បធម៌ដូចជាការសាងសង់សារមន្ទីរជាដើម អាជ្ញាធរមូលដ្ឋានចាយលុយមិនដែលស្ដាយឡើយ។

បញ្ជាក់ដែរថា សម្រាប់វិស័យសំណង់បច្ចុប្បន្ននៅ Shenzhen គឺ ៣០% ផ្ដោតសំខាន់លើគម្រោងវប្បធម៌ បើធៀបនឹងឆ្នាំ ២០១៩ ស្របពេលតួលេខនៃសំណង់មានការកើនឡើងដល់ ១៣០ គម្រោង តែតម្លៃនៃសំណង់ទាំងនោះហក់ឡើងខ្ពស់ដល់ទៅ ៨,២ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតគិតតាំងពីឆ្នាំ ២០១៦ មក។
ងាកទៅមើលប្រទេសនៅទ្វីបផ្សេងៗដូចជា អាមេរិកខាងជើង និងតំបន់អឺរ៉ុបជាដើមសុទ្ធតែបានបន្ថយការចំណាយសម្រាប់ការសាងសង់សំណង់ប្រភេទនេះ ដោយនៅអាមេរិកចំនួននៃគម្រោងបែបនេះបានកាត់បន្ថយពាក់កណ្ដាល ខណៈការចំណាយធ្លាក់មកសល់ត្រឹម ១,៥ ពាន់លានដុល្លារ ដែលនៅឆ្នាំ ២០១៩ ពួកគេធ្លាប់ចាយដល់ ៣,៨ ពាន់លានដុល្លារឯណោះ រីឯនៅតំបន់អឺរ៉ុបគឺកាត់បន្ថយអស់ ៤០%៕
ប្រភព: globalconstructionreview