Ritesh Agarwal មានវ័យ ២៧ ឆ្នាំហើយនៅឆ្នាំនេះ និងបានក្លាយជាមហាសេដ្ឋីក្មេងបំផុតទី ២ នៅប្រទេសឥណ្ឌាជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១,១ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ឆ្នាំ២០២០។
មុននឹងឈានមកដល់ចំណុចមួយនេះ Agarwal ដើមឡើយគ្រាន់តែជាក្មេងប្រុសម្នាក់ដែលដើរលក់ស៊ីមកាតនៅតាមភូមិស្រុកប៉ុណ្ណោះ មុននឹងមានគំនិតបង្កើត App សម្រាប់សម្រួលដល់ដំណើរកម្សាន្តភ្ញៀវទេសចរណ៍ដែលមានគម្រោងចង់មកលេងប្រទេសឥណ្ឌា។
App ដែលបុរសវ័យក្មេងបង្កើតមានឈ្មោះថា OYO Rooms ដែលអាចឲ្យអ្នកប្រើប្រាស់អាចធ្វើការកក់បន្ទប់សណ្ឋាគារជាមួយដៃគូសហការ។ ក្នុងរយៈពេលខ្លីក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចធំបំផុត និងឆ្លាតវៃបំផុតប្រចាំប្រទេសឥណ្ឌា បានដាក់ឲ្យប្រើប្រាស់រហូតដល់ ១០ ប្រទេសមានទាំងនៅអាស៊ី និងផ្នែកខ្លះទៀតនៅអឺរ៉ុប។
តទៅនេះគឺជាប្រវត្តិត្រួសៗទាក់ទងនឹងគន្លឹះអាជីវកម្មរបស់ក្រុមហ៊ុន OYO Rooms៖
ក្រុមហ៊ុន OYO Rooms បង្កើតឡើងនៅឆ្នាំ ២០១១ ដែលមានឈ្មោះពេញ Oravel Stays Private Limited ហើយចុះបញ្ជីជាផ្លូវការនៅឆ្នាំ ២០១៣។
គិតត្រឹមខែមេសា ២០១៩ ក្រុមហ៊ុនទទួលបានការបណ្ដាក់ទុនរហូតដល់ ៥,៧ ពាន់លានដុល្លារ ខណៈមូលធនទីផ្សារគិតត្រឹមឆ្នាំ២០២០ កើនដល់ ៨ ពាន់លានដុល្លារ។ ១០ ប្រទេសដែលអាចប្រើប្រាស់កម្មវិធី OYO Rooms បានគឺមានដូចជាឥណ្ឌា ចិន ម៉ាឡេស៊ី នេប៉ាល់ ចក្រភពអង់គ្លេស អារ៉ាប់រួម ប្រទេសអារ៉ាប៊ីសាអូឌីត ហ្វីលីពីន ឥណ្ឌូណេស៊ី និងជប៉ុន រីឯបុគ្គលិកវិញគឺមានច្រើនជាង ១ ម៉ឺននាក់។
មានចំណុចជាច្រើនដែល OYO Rooms ក្លាយជា App ពេញនិយមសម្រាប់អ្នកចូលចិត្តការធ្វើដំណើរកម្សាន្តដោយក្នុងចំណោមហេតុផលទាំងនោះ ឧកញ៉ាញូវសន៍សូមលើកយកនូវចំណុចគោលៗមួយចំនួនមកបង្ហាញដូចជា៖
- ការទូទាត់ប្រាក់នឹងធ្វើឡើង ក្រោយបញ្ចប់ការកក់បន្ទប់
- សម្រាប់ដំណើរកម្សាន្តបែបជំនួញ ឬក៏កម្មវិធីពិសេសផ្សេងៗ OYO នឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវមុខងារផ្សេង ដែលមានលក្ខណៈសំបូរបែបជាងធម្មតា
- សណ្ឋាគារខ្លះដែលជាដៃគូសហការរបស់ OYO អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Cancel ការកក់ភ្លាមៗ ដោយមិនគិតថ្លៃក្នុងករណីចាំបាច់ណាមួយ
យោងតាមប៉ុន្មានចំណុចខាងលើ យើងអាចដឹងបានខ្លះៗថា OYO បង្កើតឡើងដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ដំណើរកម្សាន្តរបស់អតិថិជនឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងមានលក្ខណៈសាមញ្ញមិនសាំញ៉ាំច្រើន។
ដោយឡែក ដោយសារ OYO ជា App សម្រាប់ជួយសម្រួលដល់អ្នកចូលចិត្តដំណើរកម្សាន្ត ដូច្នេះដៃគូសហការរបស់ក្រុមហ៊ុននេះគឺមានដូចជា សណ្ឋាគារ ក្លឹបកម្សាន្ត អ្នករៀបចំកម្មវិធី និងតំបន់កម្សាន្តផ្សេងៗជាដើម ហើយដើម្បីក្លាយជាដៃគូសហការរបស់ OYO បាន គ្រប់សណ្ឋាគារត្រូវធានាពីគុណភាពសេវាកម្ម និងតម្លៃនៃបន្ទប់។ នេះគឺជាអ្វីដែល OYO តែងគិតគូរដល់អ្នកប្រើប្រាស់។
ជារួម OYO Rooms មានគន្លឹះធំៗ ៣ ដែលអាចឲ្យក្រុមហ៊ុនឈរជើងរហូតមកដល់សព្វថ្ងៃនោះគឺ៖
- រក្សាគុណភាពសេវាកម្ម៖ គ្រប់សណ្ឋាគារ និងដៃគូសហការរបស់ OYO គឺត្រូវតែរក្សារាល់សេវាកម្មស្តង់ដារមិនចំពោះតែអតិថិជនថ្មីទេ ពោលគឺទាមទារឲ្យធ្វើបែបនេះសម្រាប់អតិថិជនទាំងចាស់ទាំងថ្មី។ ចំណុចនេះអាចបង្រៀនយើងថា មិនថាក្រុមហ៊ុនរបស់អ្នកមានប្រព័ន្ធគ្រប់គ្រងបែបណាឡើយ ប្រសិនបើអ្នកអាចរក្សាសេវាកម្មដែលអតិថិជនពេញចិត្ត នោះអាជីវកម្មរបស់អ្នកនឹងកាន់តែរីកចម្រើន។
- បន្ទប់ស្នាក់នៅតម្លៃសមរម្យ៖ ដោយសារអតិថិជនគោលដៅរបស់ OYO ជាអ្នកចូលចិត្តដំណើរកម្សាន្ត ដូច្នេះពួកគេច្បាស់ជាមិនសូវចូលចិត្តចាយលុយច្រើនលើការស្នាក់នៅឡើយ ពោលត្រឹមល្មមៗគឺទទួលយកបានហើយ។ ដូច្នេះរាល់ដៃគូសហការរបស់ OYO គឺមានតម្លៃសមរម្យ ដែលនេះគឺមានន័យថា ដើម្បីអាចទាក់ចិត្តអតិថិជនម្នាក់បាន យើងត្រូវស្វែងយល់ពីទំហំចំណាយដែលពួកគេហ៊ានចាយ ហើយក្នុងករណីបើអ្នកអាចផ្ដល់សេវាកម្មដែលមានតម្លៃតិចជាង ឬការបញ្ចុះតម្លៃទៅលើអ្វីដែលពួកគេចង់បាន នោះច្បាស់ណាស់ អ្នកនឹងទទួលបានអតិថិជនស្មោះត្រង់ម្នាក់ជាមិនខាន។
- ការរាក់ទាក់ពីបុគ្គលិកទៅកាន់ភ្ញៀវ៖ រាប់តាំងពីមុនកក់បន្ទប់ ដល់ពេលបង់ប្រាក់ បុគ្គលិករបស់ OYO តែងចាត់ទុកភ្ញៀវជាអាទិភាព។ នេះគឺដូចពាក្យស្លោកមួយឃ្លា “អតិថិជនគឺជាស្ដេច” ហើយវាជាការពិត ជាទូទៅអាកប្បកិរិយារបស់បុគ្គលិកអាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នករីកចម្រើន ហើយក៏អាចឲ្យរលំភ្លាមៗដែរ។ ការណែនាំបុគ្គលិកឲ្យចេះគោរព និងយកចិត្តទុកដាក់ចំពោះអតិថិជនគឺជាចំណុចសំខាន់មួយដែលអាជីវករគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់៕
ប្រភព: thepeacefulguy