មួយរយៈកាលចុងក្រោយនេះ យើងសង្កេតឃើញថា Facebook តែងទាមទារឲ្យអ្នកប្រើប្រាស់បំពេញនូវព័ត៌មានផ្ទាល់ខ្លួន និងថែមទាំងធ្វើគ្រប់វិធីសាស្ត្រដើម្បីការពារគណនីរបស់អ្នកប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នជាទីបំផុត។
ក្នុងករណីគណនីប្រើប្រាស់ណាមួយធ្វើខុសគោលការណ៍ក្រុមហ៊ុនបន្តិចនោះ Facebook នឹងធ្វើការបិទគណនីបណ្ដោះអាសន្នក្នុងរយៈពេលខ្លី ឬយូរស៊ីសងលើកំហុសដែលបានប្រព្រឹត្តិខុស។
បើមើលទៅលើប្រព័ន្ធសុវត្ថិភាពនេះ គឺអាចសន្និដ្ឋានបានថា Facebook យកចិត្តទុកដាក់ខ្លាំងមែនទែន ព្រោះបើតាមរបាយការណ៍ផ្ដល់ដោយក្រុមអ្នកស្រាវជ្រាវ គិតចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ Facebook ចាយលុយអស់ច្រើនជាង ១៣ ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ខណៈចំនួនបុគ្គលិកផ្នែកសុវត្ថិភាពកើនឡើងពី ១ ម៉ឺននាក់ មកដល់ ៤ ម៉ឺននាក់ឯណោះក្នុងរយៈពេល ៥ ឆ្នាំនេះ។
ចាយលុយអស់ច្រើនសន្ធឹកបែបនេះ មិនមែនអត់ប្រយោជន៍ឡើយ ពោល Facebook រាយការណ៍មកថា ត្រីមាសដំបូងនៃឆ្នាំថ្មី គណនីក្លែងក្លាយជាង ៣ ពាន់លានគណនីត្រូវបានលុបចោល ស្របពេលការចែករំលែកព័ត៌មានមិនច្បាស់លាស់ និងក្លែងក្លាយទាក់ទងនឹងប្រធានបទ COVID-19 ជាមួយវ៉ាក់សាំង ត្រូវបានលុបចេញភ្លាមៗ។
លើសពីនោះ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ល្បឿននៃការលុបមាតិកាខុសពីស្តង់ដាររបស់ក្រុមហ៊ុន ក៏ត្រូវបានលុបចោលលឿនជាងមុនដល់ទៅ ១៥ ដងឯណោះបើធៀបនឹងឆ្នាំ ២០១៧។ មាតិកាភាគច្រើនទាក់ទងនឹងការញុះញង់ឲ្យមានការរើសអើងពូជសាសន៍នៅលើ Facebook និងការចែករំលែករូបភាពមិនសមរម្យលើបណ្ដាញសង្គម Instagram ជាដើម៕
ប្រភព: Finance.yahoo