ដូចដឹងហើយថា បច្ចុប្បន្នដោយសារការទប់ស្កាត់ការឆ្លងនៃវីរុស COVID-19 កន្លែងការងារមួយចំនួនធំ តម្រូវឲ្យបុគ្គលិកធ្វើការនៅផ្ទះជាជាងមកប្រមូលផ្ដុំនៅ Office។

ដោយឡែក ក្រុមហ៊ុន Google ក៏ដូចគ្នាដែរ ដោយបុគ្គលិកមួយចំនួនធំតម្រូវឲ្យធ្វើការនៅផ្ទះ តែចម្លែកអីថ្មីៗនេះ Google បានប្រកាសថា នឹងទិញអគារមួយកន្លែងនៅតំបន់ Manhattan ដែលមានតម្លៃរហូតដល់ទៅ ២,១ ពាន់លានដុល្លារ ដែលនេះនឹងជាការចំណាយធំបំផុតមួយសម្រាប់ប្រវត្តិសាស្ត្រអចលនទ្រព្យក្នុងតំបន់នោះ។
អគារដែល Google គ្រោងនឹងទិញនោះគឺមានទំហំរហូតដល់ជាង ១២ ម៉ឺនម៉ែត្រការ៉េ ដែលសមល្មមអាចផ្ទុកបុគ្គលិក Google នៅទីក្រុង New York បានរហូតដល់ ១២ ០០០ នាក់ ខណៈបច្ចុប្បន្នពួកគេមានគម្រោងនឹងបន្ថែមបុគ្គលិក ២ ០០០ នាក់ថែមទៀត។

យ៉ាងណា បើតាមការព្យាករណ៍បុគ្គលិកនៃក្រុមហ៊ុនធំៗទាំងអស់ នឹងមិនងាយមានឱកាសចូលមកធ្វើការនៅ Office ដូចមុនឡើយ ព្រោះស្ថានការណ៍បច្ចុប្បន្នក៏មិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។
ក្រៅពី Google ក៏នៅមានដូចជា Facebook ផងដែរដែលមានទីតាំងការិយាល័យនៅតំបន់ Manhattan ជាមួយទំហំធំជាង Google ជិត ២ដង ស្របពេល Amazon ក៏មានការិយាល័យមួយនៅតំបន់សេដ្ឋកិច្ចនេះដែលបានទិញកាលពីខែមីនា ២០២០ ជាមួយតម្លៃ ១,៥ ពាន់លានដុល្លារ៕
ប្រភព: nytimes