អ្នកណាៗក៏ដឹងដែរថា សង្វាក់ផលិតកម្មនៅប្រទេសតំបន់អាស៊ានគឺមានតម្លៃទាប បើធៀបនឹងប្រទេសនៅតំបន់អឺរ៉ុបជាច្រើន ដែលនេះគឺជាហេតុផលធំបំផុតមួយដែលធ្វើឲ្យតំបន់អាស៊ាន ក្លាយជាកន្លែងប្រមូលផ្ដុំរោងចក្រផលិតសម្ភារៈនានា រាប់ចាប់ពីសម្ភារៈតូចៗដល់គ្រឿងយន្តជាដើម។
ជាមួយគ្នានោះ វិស័យយានយន្តហាក់មានកំណើនខ្លាំងសម្រាប់រយៈកាលមួយទសវត្សចុងក្រោយ ដែលធ្វើឲ្យប្រទេសនៅតំបន់អាស៊ានមួយចំនួនត្រូវប៉ាន់ផងដែរ ព្រោះក្រុមហ៊ុនផលិតឡានជាច្រើនបានចាប់ផ្ដើមវិនិយោគ បង្កើតរោងចក្រផលិតនៅក្នុងប្រទេសទាំងនោះ។
ខាងក្រោមគឺជាប្រទេស ៤ ដែលកំពុងមានសម្ទុះផលិតរថយន្តខ្លាំងបំផុតនៅអាស៊ាន
1/ប្រទេសថៃ
ប្រទេសថៃអាចរាប់បានថាជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សមួយប្រចាំតំបន់អាស៊ាន ខណៈវិស័យផលិតរថយន្តនេះទៀតសោត ក៏កំពុងរីកធំធាត់ខ្លាំងផងដែរនៅទីនោះ។ គិតត្រឹមឆ្នាំ ២០១៨ ឡានប្រមាណ ២ លានគ្រឿងត្រូវបានផលិត និងបាននាំចេញទៅក្រៅជាង ១០០ ប្រទេសនៃជាងពាក់កណ្ដាលចំនួនផលិត។
ដោយឡែកបើតាមរបាយការណ៍ពី Marklines បានឲ្យដឹងទៀតថា តួលេខនៃការផលិតមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ ៨,៧% ខណៈឡានជាង ១ លានគ្រឿងលក់អស់គ្មានសល់សម្រាប់ទីផ្សារក្នុងស្រុក។
2/ប្រទេសឥណ្ឌូណេស៊ី
ស្របពេលថៃកំពុងវាយលុកទីផ្សារនាំចេញរថយន្តក្រៅប្រទេស ងាកមកមើលឥណ្ឌូណេស៊ីវិញ គឺកំពុងដុតដៃដុតជើងទាញយកផលចំណេញពីទីផ្សារក្នុងស្រុកគ្មានពេលសម្រាក។
ក្រុមហ៊ុនផលិតឡាននៅឥណ្ឌូណេស៊ីបានកំណត់អតិថិជនគោលដៅជាស្រេចដោយលក់សម្រាប់បុគ្គលមានជីវភាពមធ្យម ខណៈទីក្រុងចំបងដែលវៃចេញជាប្រចាំនោះគឺ រដ្ឋធានី Jakarta តែម្ដង។ គិតត្រឹមចុងឆ្នាំ ២០១៨ តួលេខនៃការលក់ហក់ឡើងដល់ ១,៣ លានគ្រឿងសម្រាប់ទីផ្សារក្នុងស្រុក ស្របពេលការនាំចេញមានត្រឹម ៣៤៦ ០០០ គ្រឿងប៉ុណ្ណោះដែលមានដូចជាទៅកាន់ប្រទេសហ្វីលីពីន អារ៉ាប៊ីសាអូឌីត និងវៀតណាមជាដើម។
3/ប្រទេសវៀតណាម
ថ្វីបើធៀបនឹងប្រទេស ២ ខាងលើ វៀតណាមរាងដើរយឺតជាងបន្តិចមែន តែបើមកមើលស្ថិតិប្រៀបនឹងឆ្នាំកន្លង ឃើញថារយៈកាលចុងក្រោយសន្ទុះនៃការកើនឡើងក្នុងវិស័យនេះមានការហក់ឡើងខ្លាំងមែនទែន។
វិស័យនេះចាប់ផ្ដើមឲ្យផ្លែផ្កានៅដើមឆ្នាំ ២០០០ ដែលនេះគឺត្រូវបានចាត់ទុកថាជាការកើនឡើងរហ័សបំផុតសម្រាប់វិស័យយានយន្តនៅអាស៊ានសម្រាប់រយៈពេល ២០ ឆ្នាំខាងមុខ។ បើតាមការអះអាងពី សមាគមផលិតយានយន្តវៀតណាមបានឲ្យដឹងថា នៅឆ្នាំ ២០១៨ អត្រាលក់រថយន្តមានច្រើនជាង ២៨៨ ០០០ គ្រឿង ច្រើនជាងឆ្នាំ ២០១៧ ប្រមាណ ៦%។
វៀតណាមអាចនិយាយបានថា ជាឋានសួគ៌សម្រាប់វិនិយោគិន ដ្បិតរដ្ឋាភិបាលបានចែងច្បាប់ថា សម្រាប់រោងចក្រផលិតយានយន្ត អាចគ្រប់គ្រងបាន ១០០% ដោយជនជាតិបរទេស ពោលមិនចាំបាច់មានថ្នាក់លើជាជនជាតិវៀតណាមឡើយ ដែលនេះបានជួយឲ្យសេដ្ឋកិច្ចវៀតណាមកើនឡើងមួយកម្រិតផងដែរ។
4/ប្រទេសម៉ាឡេស៊ី
មិនសូវខុសពីប្រទេសទាំង ៣ ខាងលើប៉ុន្មានទេ ដោយម៉ាឡេស៊ីក៏ជាសសរទ្រូងសំខាន់ក្នុងវិស័យផលិតយានយន្តនៅតំបន់អាស៊ានដែរ ខុសត្រង់ថាម៉ាឡេស៊ីផ្ដោតសំខាន់លើប្រភេទរថយន្តដឹកអ្នកដំណើរ ព្រោះនៅឆ្នាំ ២០១៨ តួលេខនៃការផលិតមានរហូតដល់ ៥៧២ ០០០ គ្រឿង ខណៈ ៥២២ ០០០ គ្រឿងជាប្រភេទរថយន្តដឹកអ្នកដំណើរ។
ជាចុងក្រោយ ក្នុងចំណោមប្រទេសទាំង ៤ ខាងលើ យើងអាចសន្មតបានថា ថៃ និងឥណ្ឌូណេស៊ីអាចនឹងជាដៃគូប្រជែង ព្រោះប្រទេស ២ នេះសុទ្ធតែចង់បានវិនិយោគិនក្រៅស្រុក ដ្បិតទីផ្សារស្រុកក្រៅរបស់ថៃកំពុងដំណើរការល្អ ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមវាយលុកទីផ្សារអន្តរជាតិដូចគ្នា៕
ប្រភព: Aseanbriefing