អ្នកស្រី Meng Wanzhou មានឈ្មោះហៅក្រៅ Cathy Meng ឬ Sabrina Meng កំពុងមានរឿងក្តីក្តាំង ក្រោមការចោទប្រកាន់ពីអាមេរិកពីបទបំពានលើទណ្ឌកម្មលើប្រទេសអឺរ៉ង់។

សេដ្ឋីនី ដែលជាកូនស្រីស្ថាបនិកក្រុមហ៊ុនយក្សរបស់ចិន Huawei កំពុងស្ថិតនៅក្នុងការឃុំខ្លួនជាង ៣ ឆ្នាំ នៅប្រទេសកាណាដាតាមសំណើរបស់អាមេរិក។
ឧកញ៉ាញូវសន៍សូមលើកបង្ហាញពីប្រវត្តិត្រួសៗរបស់អ្នកស្រី Meng Wanzhou មុនពេលត្រូវបានអាជ្ញាធរប្រទេសកាណាដាចាប់ឃាត់ខ្លួនតាមសំណើអាមេរិក រហូតបង្កការគំរាមកំហែងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
លោកស្រី Meng Wanzhou កើតនៅថ្ងៃទី ១៣ កុម្ភៈ ១៩៧២ និងជាកូនស្រីប្រពន្ធដើមរបស់ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei ខណៈសព្វថ្ងៃស្ត្រីវ័យ ៤៩ ឆ្នាំក៏កាន់តំណែងធំបំផុតមួយនៅក្រុមហ៊ុនយក្សនេះ ដោយមានតួនាទីជាប្រធានហិរញ្ញវត្ថុ CFO។
មុនប្រឡូកចូលក្នុងក្រុមហ៊ុន Huawei លោកស្រីបានចូលបម្រើការងារនៅធនាគារ China Construction Bank អស់រយៈពេលមួយឆ្នាំ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាប័ត្រក្នុងឆ្នាំ ១៩៩២ និងក្រោយមកទើបសម្រេចផ្លាស់ការងារនៅ Huawei ក្នុងតួនាទីជាលេខាធិការរបស់ឪពុកអ្នកស្រីផ្ទាល់។

ក្រោយមកនៅឆ្នាំ ២០០១ អ្នកស្រីទទួលបានសញ្ជាតិកាណាដា និងបានរស់នៅទីក្រុង Vancouver តែនៅឆ្នាំ ២០០៩ សញ្ជាតិនេះត្រូវបានដកហូតវិញ។
អាចនិយាយបានថា Huawei អាចឈរជើងលើទីផ្សារអន្តរជាតិមកទល់សព្វថ្ងៃ ក៏មានចំណែកជួយធំធេងពីអ្នកស្រី Meng។ តាំងពីចូលបម្រើការនៅក្រុមហ៊ុនញើសឈាមឪពុកនៅឆ្នាំ ១៩៩៨ អ្នកស្រីបានធ្វើឲ្យក្រុមហ៊ុនមានមុខមាត់ខ្លាំងនៅលើទីផ្សារអន្តរជាតិ ហើយនៅឆ្នាំ ២០១១ គ្រាដែល Huawei ប្រកាសបញ្ជីថ្នាក់ដឹកនាំជាន់ខ្ពស់ Cathy Meng គឺមានឈ្មោះជា CFO រួចជាស្រេច។
រហូតដល់ខែមីនា ២០១៨ អ្នកស្រីត្រូវបានទទួលងារថ្មីមួយទៀតគឺ ជាអគ្គនាយកម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំក្រុមហ៊ុន ៤ រូប និងថែមទាំងមានពាក្យចចាមអារ៉ាមជាហូរហែថា អ្នកស្រីនឹងក្លាយជាអ្នកស្នងមរតកមហាសាលរបស់ Ren Zhengfei ជាមិនខាន តែឪពុកអ្នកស្រីច្រានចោល ដោយលោកអះអាងថា គ្រប់សមាជិកគ្រួសាររបស់លោកគ្មានអ្នកសក្ដិសមស្នងតំណែងនេះទេ។

នៅខែធ្នូ ២០១៨ Meng ទទួលបានតំណែងជាអនុប្រធាន និងប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនយក្ស Huawei ដែលមានបុគ្គលិកប្រមាណ ១៨ ម៉ឺននាក់ ហើយកាលពីឆ្នាំ ២០១៧ Forbes បានចាត់ទុកអ្នកស្រីថា ជាអ្នកជំនួញស្រីឆ្នើមបំផុតនៅចិនលេខរៀងទី ៨ ទៀតផង។
បច្ចុប្បន្ន ដ្បិតបើអ្នកស្រី Meng កំពុងស្ថិតនៅដំណាក់កាលតវ៉ាក្ដីមែន តែទំហំទ្រព្យសម្បត្តិរបស់អ្នកស្រីគឺមិនត្រូវបានបើកចំហឲ្យដឹងឡើយ ខណៈគេជឿថាវាអាចស្ថិតនៅក្នុងខ្ទង់ប្រមាណ ២ ពាន់លានដុល្លារ៕