ជម្លោះការទូតដ៏ជូរចត់រយៈពេល ៣ឆ្នាំ រវាងទីក្រុងប៉េកាំង អូតាវ៉ា និងវ៉ាស៊ីនតោន ទាក់ទងសំណុំរឿងកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ទំនងជាត្រូវបិទបញ្ចប់ហើយ បន្ទាប់ពីចិនសម្រេចដោះលែងជនជាតិកាណាដាពីរនាក់ពីពន្ធនាគារកាលពីថ្ងៃសុក្រ ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Huawei អ្នកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានដោះលែងនៅកាណាដា។
“ជីវិតរបស់ខ្ញុំមានភាពរញ៉េរញ៉ៃ និងគួរឲ្យធុញទ្រាន់ខ្លាំងណាស់ តែគ្រប់ស្ថានការណ៍លំបាកគឺតែងមានពន្លឺនៃក្ដីសង្ឃឹមជានិច្ច។ ខ្ញុំនឹងមិនភ្លេចឡើយរាល់បំណងល្អៗ និងពាក្យជូនពរដែលមនុស្សគ្រប់គ្នាទូទាំងពិភពលោកបានផ្ញើមកកាន់ខ្ញុំ”។ នេះគឺជាសម្ដីរបស់អ្នកស្រី Meng ប្រាប់ទៅកាន់សារព័ត៌មាន មុនឡើងយន្តហោះ Air China ទៅកាន់ទីក្រុង Shenzhen។
សំណុំរឿងក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ត្រូវបានគេមើលឃើញពីការបំពុលទំនាក់ទំនងមើលមុខគ្នាមិនចំអស់រយៈពេលប្រមាណ ៣ឆ្នាំ រវាងប្រទេសចិន ជាមួយកាណាដា និងសហរដ្ឋអាមេរិក។ ដំបូងឡើយ វាកើតចេញពីការចាប់ខ្លួនអ្នកស្រី ម៉េង វ៉ាន់ចូវ ពីសំណាក់អាជ្ញាធរកាដាណា ទៅតាមសំណើរបស់អាមេរិក។ អាមេរិកដែលបានចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទប៉ុនប៉ងរំលោភទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ និងលួចបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក។
មានវ័យ ៤៩ឆ្នាំ អ្នកស្រីវ៉ាន់ចូវ ត្រូវបានក្រុងវ៉ាស៊ីនតោនចោទថា បានលួចលាក់រំលោភវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ តាមរយៈក្រុមហ៊ុនហុងកុងមួយដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ឈ្មោះ Skycom ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។
អ្នកស្រី ម៉េង វ៉ាន់ចូវ ជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ផងនោះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៨ នៅពេលដែលលោកស្រីធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដា។
រយៈពេល ៩ ថ្ងៃ បន្ទាប់ពីការចាប់ខ្លួនលោកស្រី វ៉ាន់ចូវ ពោលគឺនៅថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៨ អាជ្ញាធរចិន បានចាប់ខ្លួនជនជាតិកាណាដាពីរនាក់ គឺ លោក Michael Kovrig អតីតអ្នកការទូតបម្រើការឲ្យអង្គការវិភាគនយោបាយ International Crisis Group និងម្នាក់ទៀតគឺលោក Michael Spavor ដែលជាអ្នកធ្លាប់ផ្តល់ប្រឹក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។
បណ្តាប្រទេសលោកខាងលិចបានចោទចិនថា ចាប់ជនជាតិកាណាដា ធ្វើជាចំណាប់ខ្មាំងកាទូត។ តែចិនកាលណោះបានឆ្លើយតបវិញថា ជនជាតិកាណាដាទាំងពីរនាក់ត្រូវបានចាប់ខ្លួនពីបទចារកម្មដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខចិន ហើយនេះមិនមែនជាសងសឹកកាណាដា និងយកពួកគេទាំងពីរជាកំណាប់ខ្មាំងកាទូតឲ្យកាណាដាដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ឡើយ៕