កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងប្រចាំប្រទេសថៃ បានដាក់សំណើទៅកាន់ថ្នាក់ដឹកនាំប្រទេស ក្នុងការបន្ថយរយៈពេលនៃការធ្វើចត្តាឡឺស័ក សម្រាប់ក្រុមភ្ញៀវទេសចរណ៍ដែលចង់មកកម្សាន្តក្នុងប្រទេស ត្រឹមរយៈពេលពី ៧-១៤ ថ្ងៃដើម្បីស្ដារស្ថានការណ៍សេដ្ឋកិច្ចឡើងវិញ។
បន្ទាប់ពីប្រជុំគ្នានៅក្រសួងសុខាភិបាលសាធារណៈកាលពីថ្ងៃព្រហស្បតិ៍រួចមក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul បានស្នើទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ ១៩ ដោយចង់ឲ្យបន្ថយរយៈពេលនៃការធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ សម្រាប់ក្រុមភ្ញៀវបរទេសដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។
ក្នុងសំណើនោះ ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ និងតម្រូវឲ្យធ្វើចត្តាឡឺស័ករយៈពេល ៧ ថ្ងៃ ដោយត្រូវធ្វើតេស្ដរកកូវីដ ១៩ ដោយម៉ាស៊ីនរហ័ស ២ លើក នៅពេលចូលដល់ប្រទេស និង ៧ ថ្ងៃបន្ទាប់ពីនោះ។
ករណីមួយទៀតគឺ ធ្វើចត្តាឡឺស័ករយៈពេល ១០ ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍ណាដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ។ ការធ្វើតេស្ដរកកូវីដ ១៩ ក៏នឹងធ្វើឡើង ២ ដងដូចគ្នា តែករណីនេះគឺសម្រាប់តែភ្ញៀវដែលចូលក្នុងប្រទេសថៃតាមរយៈការហោះហើរប៉ុណ្ណោះ។
ដោយឡែក ករណីចុងក្រោយ គឺធ្វើចត្តាឡឺស័កពេញ ១៤ ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមរយៈផ្លូវគោកធម្មតា និងគ្មានប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំង ខណៈការធ្វើតេស្ដរកកូវីដ ១៩ ក៏នឹងត្រូវធ្វើឡើង ២ ដងដូចនឹង ២ ករណីខាងលើផងដែរ។
បញ្ជាក់ដែរថា គម្រោងនេះគឺនឹងអនុវត្តទៅលើភ្ញៀវទេសចរណ៍គ្រប់ប្រទេស ស្របពេលនាយកគ្រប់គ្រងមជ្ឈមណ្ឌលជំងឺឆ្លង Dr Opas Karnkawinpong អះអាងថា ការកាត់បន្ថយរយៈពេលធ្វើចត្តាឡឺស័កនេះ នឹងមិនបណ្ដាលឲ្យស្ថានការណ៍អាក្រក់ឡើយ ព្រោះមើលតំបន់ Phuket Sandbox ជាគំរូស្រាប់ ដោយកំណើនការឆ្លងមិនមានភ្ញៀវទេសចរណ៍ទេ គឺមានតែឆ្លងពីក្នុងសហគមន៍តែប៉ុណ្ណោះ៕
ប្រភព: bangkokpost