ក្រុមហ៊ុនសាជីវកម្ម Mitsubishi Corporation របស់ជប៉ុន នឹងធ្វើការអភិវឌ្ឍ រោងចក្រអគ្គិសនីដើរដោយថាមពលខ្យល់ដ៏ធំបំផុតមួយ នៅក្នុងប្រទេសឡាវ ដែលវានឹងអាចផ្គត់ផ្គល់ទៅដល់ប្រទេសវៀតណាម ដែលកំពុងខ្វះថាមពលប្រើប្រាស់ ។
រោចក្រដ៏ធំមួយនេះ មានសមត្ថភាពផលិតថាមពលអគ្គិសនីរហូតដល់ ៦០០ មេហ្កាវ៉ាត់ ដោយវានឹងក្លាយជារោចក្រដោយថាមពលខ្យល់ធំជាងគេបំផុតមួយ នៅតំបន់អាស៊ីអាគ្នេយ៍។ ស្របពេលរោងចក្រនេះ ត្រូវបានគេរំពឹងថានឹងចំណាយអស់ទឹកប្រាក់រាប់រយលានដុល្លារ ដើម្បីសាងសងផងដែរ ។ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន Nikkei Asia ។
ជាមួយគ្នានេះដែល ក្រុមហ៊ុន Mitsubishi បាននិយាយនៅក្នុងសេចក្តីប្រកាសមួយកាលពីពេលថ្មីៗថា រោងចក្រអគ្គិសនី ដែលដើរដោយថាមពលខ្យល់មួយនេះ នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Impact Energy Asia Development (IEAD) ដែលមានមូលដ្ឋានទីក្រុងហុងកុង ចាប់ពីឆ្នាំក្រោយទៅ ហើយគម្រោងមួយនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅដើមឆ្នាំ ២០២៥ ។
ថ្វីបើប្រភពខាងលើមិនបានបង្ហាញពីទំហំទឹកប្រាក់នៃការវិនិយោគក៏ដោយ ប៉ុន្តែក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ បាននិយាយថាក្រុមហ៊ុន IEAD នឹងកាន់កាប់ភាគហ៊ុនប្រហែល ២៤% នៅក្នុងគម្រោងមួយនេះ ហើយនៅសេសសល់ទៀត គឺត្រូវកាន់កាប់ដោយក្រុមហ៊ុន BCPG Public Company Ltd និង Eearth Power Investment Ltd របស់ថៃ ខណ:ក្រុមហ៊ុនទាំង ៣ នេះ សុទ្ធសឹងតែជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយ Mitsubishi ។
លើសពីនេះ របាយការណ៍ពី Nikkei បាននិយាយទៀតថា គម្រោងសាងសង់រោចក្រអគ្គិសនីថ្មីនេះ គឺដើម្បីបញ្ជូនថាមពលទៅឱ្យស្ថានីយ៍ស្តុកថាមពលរបស់រដ្ឋ ប្រទេសវៀតណាម ដែលស្ថិតនៅក្រោមកិច្ចសន្យារយ:ពេល ២៥ ឆ្នាំ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមត្រូវការ ការផ្គត់ផ្គង់ថាមពលបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនជាពិសេសនៅរដូវប្រាំង នៅពេលដែលការផលិតថាមពលពីវារីអគ្គិសនីរបស់ប្រទេសមួយនេះ នៅមានកម្រិត។
ដូច្នេះគម្រោងនេះត្រូវបានគេរំពឹងថានឹងជួយរក្សាស្ថិរភាពប្រព័ន្ធថាមពលអគ្គីសនីរបស់វៀតណាម និងធ្វើឱ្យការផលិតថាមពលនេះ មិនបង្ករផលប៉ះពាល់ដល់បរិស្ថានថែមទៀតផង ៕
ប្រភព: Bangkok Post