ព្រឹត្តិការណ៍ Oympics រដូវរងា ដែលនឹងធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិននាឆ្នាំក្រោយ នឹងមិនអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនាមកពីក្រៅប្រទេសជាដាច់ខាត ពោលគឺសំបុត្រចូលទស្សនាគឺនឹងដាក់លក់តែចំពោះប្រជាជននៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។
បើយោងតាមគណៈកម្មការគ្រប់គ្រងផ្នែករៀបចំកម្មវិធី International Olympic បាននិយាយកាលពីថ្ងៃពុធថា មូលហេតុដែលសម្រេចមិនឲ្យជនជាតិបរទេសមកពីក្រៅតំបន់ចូលរួម គឺដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19។
ប្រភពដដែលបន្ថែមថា រាល់បេក្ខភាពចូលរួមប្រកួតដែលបានចាក់វ៉ាក់សាំងរួចរាល់ នឹងមិនចាំបាច់ធ្វើចត្តាឡឺស័ក ២១ ថ្ងៃឡើយ ស្របពេលបេក្ខភាពដែលមិនទាន់ចាក់ និងមានលិខិតស្នើសុំមិនធ្វើចត្តាឡឺស័ក នឹងត្រូវធ្វើការសម្រេចតាមក្រោយ។
ដោយឡែក សម្រាប់តំបន់ប្រកួតវិញគឺ នឹងត្រូវដាក់ខ័ណ្ឌដាច់ពីគ្នា ហើយនេះគឺជាការសម្រេចចិត្តពី IOC ខណៈម្ចាស់ផ្ទះភាគីចិនជាអ្នករៀបចំ និងគ្រោងសម្ពោធគម្រោងនេះនៅខែតុលា ដើម្បីជៀសវាង និងការពារពីការប្រកួតអន្តរជាតិទៅជាប្រភពចម្លងមេរោគ។
ករណីនេះផងដែរ គឺបានកើតឡើងរួចហើយសម្រាប់ព្រឹត្តិការណ៍ Tokyo 2020 Games ដែលបានពន្យារពេល ១ ឆ្នាំ ដោយសារបញ្ហារាតត្បាតជំងឺ COVID-19 ទូទាំងពិភពលោក ខណៈកន្លងទៅការប្រកួតនៅទីក្រុងតូក្យូគឺហាមមិនឲ្យមានអ្នកចូលទស្សនាស្ទើរគ្រប់ការប្រកួតតែម្ដង។
ងាកមកមើលការរៀបចំនៅទីក្រុងប៉េកាំងម្ដង គឺរាល់ការប្រកួតទាំងក្នុងស្រុក និងអន្តរជាតិ គ្រប់បេក្ខភាព និងបុគ្គលិកនានានៅក្នុងតំបន់ប្រកួត គឺត្រូវតម្រូវឲ្យធ្វើតេស្ដរក COVID-19 ជារៀងរាល់ថ្ងៃ ខណៈកាលវិភាគព្រឹត្តិការណ៍ 2022 Beijing Olympics នឹងធ្វើឡើងចន្លោះថ្ងៃទី ០៤ ដល់ ២០ កុម្ភៈខាងមុខ៕
ប្រភព: bangkokpost