សមាគមនាំចេញស្រូវអង្ករថៃ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរបស់ខ្លួន អាចនឹងនាំចេញអង្ករចំនួន ៦ លានតោន នៅឆ្នាំនេះ ដោយសារតែតម្រូវការមានការកើនឡើងខ្លាំង ។
លោក Chootiat Ophaswongse ប្រធានកិត្តិយសសមាគមមួយនេះ បាននិយាយថា ដោយសារតែប្រាក់បាត បានធ្លាក់តម្លៃចុះប្រហែល ១៣% ធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ បានបណ្តាលឲ្យតម្លៃនាំចេញអង្កររថៃធ្លាក់ចុះ និងធ្វើឲ្យមានការប្រកួតប្រជែងខ្លាំង ជាមួយប្រទេសនាំចេញអង្ករផ្សេងទៀត ។
ដោយឡែកតម្លៃអង្ករបីកំណាត់ (Broken Rice) ៥% របស់ថៃ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៣៨៥-៣៨៦ ដុល្លារ/តោន កាលពីថ្ងៃព្រហស្បតិ៍ ដែលជាតម្លៃទាបជាងដៃគូប្រជែងនាំចេញដ៏ធំ គឺប្រទេសវៀតណាម ៤២៥-៤៣០ ដុល្លារ/តោន សម្រាប់ចំនួនដូចគ្នានេះ ។
មិនតែប៉ុណ្ណោះ អ្នកដែលចូលចិត្តទិញអង្ករនាំចូលពីប្រទេសវៀតណាម ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាម៉ាឡេស៊ី ហ្វីលីពីន និងចិន ហាក់បានចាប់ផ្តើមងាកទៅទិញអង្ករពីថៃវិញម្តង ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែតម្លៃមានភាពទាក់ទាញ ខណ:លោក Chootiat បានអះអាងថា តម្រូវការកើនឡើងច្រើនបែបនេះ អាចនឹងជួយឲ្យថៃសម្រេចផែនការរបស់ខ្លួន ក្នុងការនាំចេញអង្ករបាន ៦ លានតោន ។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃ បាននាំចេញអង្កររបស់ខ្លួន បានប្រមាណ ៣,៧ លានតោន នៅចន្លោះខែមករា ដល់ខែកញ្ញា ដែលតិចជាងការនាំចេញរបស់ប្រទេសវៀតណាម ចំនួន ៤,៥ លានតោន ក្នុងរយ:ពេលដូចគ្នានេះ ៕
ប្រភព: Bangkok Post