ផលិតផលក្នុងស្រុកសរុប GDP របស់រៀតណាម រំពឹងថាអាចកើនឡើងដល់ជាង ៣% នៅឆ្នាំនេះ

អន្តរជាតិ

ក្រសួងរៀបចំផែនការ និងវិនិយោគរបស់វៀតណាម បានធ្វើការប៉ាន់ស្មានថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសនៅឆ្នាំ​២០២១ នេះ អាចនឹងកើនឡើងដល់ ៣-៣,៣% ពោលគឺធ្លាក់ចុះប្រមាណ ០,៥% ពីការព្យាករណ៍ កាលពីខែកញ្ញា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phoung បាននិយាយថា ការព្យាករណ៍ថ្មីនេះ គឺត្រូវបានធ្វើឡើង ដោយផ្អែកទៅលើលទ្ធផលនៃការសម្រេចបានរបស់សេដ្ឋកិច្ចសង្គម ក្នុងរយ:ពេល ៩ ខែដំបូង និងរំពឹងថាសេដ្ឋកិច្ចក្នុងប្រទេសនៅតែបន្តដំណើរការទៅបានល្អ សម្រាប់រយ:ពេល ៣ ខែចុងក្រោយ នៅមុនដំណាច់ឆ្នាំនេះ ។

ជាមួយគ្នានេះ លោកបានបន្ថែមទៀតថា កំណើនផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្នាំនេះទាំងមូល អាចឈានដល់ ៣% ឬ ៣,៥% ប្រសិនបើកំណើនសេដ្ឋកិច្ច នៅត្រីមាសទី ៤ មានការកើនឡើងលើស ៧,០៦% ឬ ៨,៨៤% នោះ ។

មិនតែប៉ុណ្ណោះលោកអនុរដ្ឋមន្ត្រីខាងលើ បញ្ជាក់បន្ថែមថា  កំណើនផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទី ៤ អាចឡើងដល់ ៧ ភាគរយ គឺអាស្រ័យទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ របស់រដ្ឋាភិបាលប៉ុណ្ណោះ ។

គួររំលឹកថា នៅត្រឹមត្រីមាសទី ៣ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានធ្លាក់ចុះ ៦,១៧ ភាគរយ ប៉ុន្តែបើធៀបនឹងពេលដដែលនេះ កាលពីឆ្នាំមុន វាបានកើនឡើង ១,៤២% ។

សូមបញ្ជាក់ផងដែរថា កំណើនផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន មានចំនួន ២,៩១% ដែលជាចំនួនទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលមួយទស្សវត្សរ៍ចុងក្រោយ ប៉ុន្តែវៀតណាម នៅតែត្រូវបានចាត់ទុកជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត លើពិភពលោក ដែលសម្រេចបាននូវកំណើនវិជ្ជមាន ៕

ប្រភព: VN Express