ការពិភាក្សា​ពាណិជ្ជកម្មរវាង អូស្ត្រាលី និង​សហភាពអឺរ៉ុប ត្រូវ​បានផ្អាក​ទៅវិញ ដោយសារ​តែវិបត្តិនាវាមុជទឹក

អន្តរជាតិ

សហភាពអឺរ៉ុប​បានផ្អាក​ការចរចា​ពាណិជ្ជម្ម​ជាមួយ អូស្ត្រាលី នៅ​ក្នុង​កាលៈទេសៈ ដែល​បារាំង​កំពុង​ខឹង​អូស្ត្រាលី ដែល​ក្បត់កិច្ចសន្យា លែង​ទិញ​នាវាមុជទឹក​បារាំង។ អ្នកទទួលខុសត្រូវ​អឺរ៉ុប​ម្នាក់ ប្រចាំ​ទីក្រុង​Canberra បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​ថា ការពិភាក្សា​ពាណិជ្ជកម្ម លើកទី​១២ រវាង អូស្ត្រាលី និង​សហភាពអឺរ៉ុប ​ត្រូវ​លើកពេល រហូត​ដល់​ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេច​លើកពេល​របស់​ភាគី អឺរ៉ុប​កំពុង​ធ្វើឲ្យ​គេ​មន្ទិល​សង្ស័យថា ​ ​វិបត្តិ​នាវាមុជទឹក​បារាំង អូស្ត្រាលី លើកនេះ​នឹងអាច​ជះផលអាក្រក់ ប៉ះពាល់ ដល់​អនាគត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ដែល​អូស្ត្រាលី និង​សហភាព​អឺរ៉ុប​បាន​ចរចា​ដល់​ជុំ​ទី​១២​ហើយនោះ។

គួររម្លឹកជូនថា នៅ​ខែ កញ្ញា អូស្ត្រាលី បាន​ប្រកាស កាត់ផ្តាច់ កិច្ចសន្យា ​លែង​ទិញ នាវាមុជទឹក បារាំង ១២គ្រឿង ដែល​មាន​តម្លៃ ៥៥​ពានន់​លាន​អឺរ៉ូ ហើយបាន​ងាក​ទៅ​ទិញ នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​របស់អាមេរិកវិញ នៅក្រោម​កិច្ចព្រមព្រៀង​ត្រីភាគី អាមេរិក អូស្ត្រាលី និងអង់គ្លេស។

បារាំង​ចាត់ទុកការសម្រេចចិត្ត របស់​អូស្ត្រាលី​ថា ​ជា​ការក្បត់ រំលោភ​ទំនុកចិត្ត ហើយក៏ខឹងក្តៅក្រហាយ រហូត​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ពីអូស្ត្រាលី និង​អាមេរិកទៀតផង៕