បើតាមការចុះផ្សាយពីប្រភពសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា គម្រោងសាងសង់ផ្លូវក្រោមដីប្រវែងជាង ២០ គីឡូម៉ែត្រ ដែលចាយថវិកាអស់ប្រមាណជាង ១ ពាន់លានដុល្លារ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងឥណ្ឌា និងចិន។

ផ្លូវក្រោមដីប្រវែង ៦,៥ គីឡូម៉ែត្រនៅតំបន់ Sonamarg នឹងប្រកាសដាក់ឲ្យប្រើប្រាស់នៅអំឡុងរដូវរងានេះ ខណៈគម្រោងការបន្ទាប់គឺមានប្រវែង ១៤ គីឡូម៉ែត្រ ដែលនៅសល់ឆ្លងកាត់ពីតំបន់ Sonmarg និង Drass រំពឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ ដែលនឹងក្លាយជាកំណត់ត្រាសាងសង់យូរបំផុតនៅឥណ្ឌា។

គ្រោងការនេះផងដែរ នឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងចិនតាមរយៈការនាំចេញចូលទំនិញ តាមច្រកព្រំដែន Ladakh ដែលវានឹងពង្រឹងដល់វិស័យការងារមួយចំនួនធំនៅតំបន់នោះ ដូចជាការសាងសង់ផ្លូវថ្នល់ ៥៧ ខ្សែ ចំណតឧទ្ធម្ភាគចក្រ ៣២ កន្លែង។
បញ្ជាក់ដែរថា កន្លងមកឥណ្ឌា និងចិនមានជម្លោះបញ្ហាច្រកព្រំដែននៅតំបន់ Ladakh នេះ រហូតដល់មានការផ្ទុះអាវុធរវាងភាគីទាំងសងខាងថែមទៀត ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំង ២ បានចាប់ផ្ដើមពង្រឹងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានយោធានៅទីនោះរៀងៗខ្លួន៕
ប្រភព: globalconstructionreview