លោក Elon Musk ប្រកាសត្រៀមផ្លាស់ប្តូរទីស្នាក់ការកណ្តាលក្រុមហ៊ុន Tesla ក្រោមហេតុផលមួយ

អន្តរជាតិ

ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្ស Tesla កំពុងត្រៀមផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ពីទីក្រុង Palo Alto រដ្ឋ California ទៅកាន់ទីក្រុង Austin រដ្ឋ Texas វិញ ។ នេះបើតាមនាយកប្រតិបត្តិ លោក Elon Musk បានប្រកាសនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន កាលពីថ្ងៃប្រហស្បតិ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំមួយនេះផងដែរ ត្រូវបានធ្វើឡើងនៅឯរោងចក្រដំឡើងយានយន្តថ្មីរបស់ក្រុមហ៊ុន Tesla ដែលកំពុងសាងសង់ នៅខាងក្រៅទីក្រុង Austin លើផ្ទៃដីដែលមានព្រំប្រទល់ជាប់ទន្លេ Colorado និងនៅជិតព្រលានយន្តហោះរបស់ទីក្រុងផ្ទាល់តែម្តង ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla នៅតែមានគម្រោងបង្កើនការផលិត ក្នុងរោងចក្រនៅរដ្ឋ California របស់ខ្លួនដដែល ដោយមិនគិតអំពីការផ្លាស់ប្តូរទីស្នាក់ការកណ្តាលអ្វីនោះឡើយ ។

មិនតែប៉ុណ្ណោះ លោក Elon Musk បាននិយាយថា ៖ ” ដើម្បីឲ្យច្បាស់ទាំងអស់គ្នា យើងនៅតែបន្តពង្រីកសម្មភាពផលិតរបស់យើងនៅរដ្ឋ California ។ គោលបំណងរបស់យើងគឺបង្កើនទិន្នផលផលិតពីរោងចក្រនៅ Fremont និង Giga Nevada ក្នុងចំនួន ៥០% ។ ប្រសិនបើយើងសម្រុកផលិតតែនៅក្នុងរោងចក្រ Fremont នោះ ច្បាស់ជាស្ទះមិនខាន ” ។

ជាមួយគ្នានេះ ទាក់ទងនឹងរោងចក្រថ្មី ដែលកំពុងដំណើរការសាងសង់នៅរដ្ឋ Austin  មហាសេដ្ឋីរូបនេះ បានសង្កត់ធ្ងន់ទៀតថាវានឹងត្រូវចំណាយពេលខ្លះ ដើម្បីឈានដល់ការផលិតពេញលេញ បើទោះបីជារោងចក្របានបញ្ចប់ការសាងសង់ជាស្តាពរក៏ដោយ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla បានចូលរួមជាមួយក្រុមហ៊ុនផលិតឡានធំៗផ្សេងទៀតដូចជា Oracle, HP និង Toyota Motor  ក្នុងការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនពីរដ្ឋ California ទៅកាន់រដ្ឋ Texas ដោយសារតែថ្លៃពន្ធ និងថ្លៃស្នាក់នៅមានចំនួនខ្ពស់ពេក ។ ដោយឡែកសម្រាប់ រដ្ឋTexas  វិញ ត្រូវបានគេស្គាល់ថាតំបន់ដែលមានកម្លាំងពលកម្មថោកជាង និងមានច្បាប់ធូរលុងជាងផងដែរ ៕​

ប្រភព: CNBC