ថៃ​ព្រម​បន្ថយ​ពន្ធ​ប្រាក់​ចំណូល​អ្នក​ជំនាញការ​បរទេស​ ចង់​ជំរុញ​មក​ធ្វើការ​ក្នុងប្រទេស​ឲ្យ​បានច្រើន ​

អន្តរជាតិ

ថ្មីៗនេះ អគ្គនាយក​ពន្ធដារ​បាន​ពិចារណា​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ផ្ទាល់ខ្លួន ​សម្រាប់​អ្នកជំនាញ​បរទេស​ដល់ទៅ​ ១៧% ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការណ៍​ទាក់ទាញ​អ្នកជំនាញ​ដែល​មាន​ជំនាញ​ខ្ពស់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ។​ នេះ​បើ​តាម​អគ្គនាយក​ Ekniti Nitithanprapas ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាទូទៅ អត្រា​ពន្ធ​ប្រាក់ចំណូល​ផ្ទាល់ខ្លួន​ដែល​ជនបរទេស​ត្រូវ​បង់​ជូន​រដ្ឋាភិបាល​គឺ​មាន​ចំនួន​ខ្ពស់​គួរសម ពោល​គឺ​ស៊ីសង​ទៅ​លើ​ប្រាក់​ប្រចាំឆ្នាំ​ដែល​ជន​នោះ​អាច​រក​បាន។ ឧបមា​ថា បុគ្គល​ណា​អាច​មាន​ចំណូល​ចាប់​ពី ១៥០ ០០១ បាត​ដល់ ៣០០ ០០០ បាត នឹង​តម្រូវ​ឲ្យ​បង់ពន្ធ​ ៥% ខណៈ​បើ​រក​បាន​ច្រើនជាង ៥ លាន​បាត នឹង​អាច​បង់​ដល់​ទៅ ៣៥% ឯណោះ។

លោក Ekniti បាន​បន្ថែម​ថា ករណី​ដែល​បាន​តម្រូវ​ឲ្យ​ជន​បរទេស​បង់​ពន្ធ​ទាប​ជាងមុន គឺ​ដាច់ខាត​ពួកគេ​ត្រូវតែ​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ដែល​កំពុង​ខ្វះខាត​នៅ​ប្រទេស​ថៃ ហើយអាច​ធ្វើការ​នៅ​គ្រប់​ទី​កន្លែង​ពេញ​ផ្ទៃ​ប្រទេស។

ប្រភព​ដដែល​បន្ថែម​ថា បច្ចុប្បន្ន​មន្ត្រី​ពាក់ព័ន្ធ​កំពុង​សិក្សា​ពី​រយៈពេល​ជាក់លាក់​មួយ​សម្រាប់​អនុម័ត​ច្បាប់​ខាងលើ ព្រោះ​ចង់​ឲ្យ​ជនបរទេស​ដែល​មាន​ជំនាញ និង​សក្ដានុពល​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​បាន​យូរ។

យ៉ាងណា លោក Ekniti បាន​អះអាង​ថា ការ​កាត់​បន្ថយ​ពន្ធ​ចំណូល​ប្រចាំឆ្នាំ មិនមែន​ជា​វិធីសាស្ត្រ​ចំបង ដើម្បី​អូសទាញ​ជនបរទេស​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ឡើយ ពោល​នៅ​មាន​កត្តា​សំខាន់ៗ​ជាច្រើន​ដូចជា សុវត្ថិភាព​ផ្ទៃប្រទេស វិស័យ​អប់រំ​មាន​គុណភាព និង​វិស័យ​សុខាភិបាល​រឹងមាំ​ជា​ដើម សុទ្ធតែ​ជា​កត្តា​សំខាន់​ដែល​អាច​អូសទាញ​អ្នកជំនាញ​បរទេស​មក​ធ្វើការ​ក្នុង​ស្រុក​បាន៕

ប្រភព: bangkokpost