បុណ្យ Golden Week នៅ​ចិន​ឆ្នាំ​នេះ បរិយាកាស​ ខុស​គ្នា​ដូច​មេឃនិង​ដី ​

អន្តរជាតិ

ផ្អែក​តាម​របាយការណ៍​ទទួល​បាន​ពី​សារព័ត៌មាន​​ក្នុង​ប្រទេស​ចិន​ជាច្រើន​បាន​ចុះផ្សាយ​ថា វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​មាន​ការ​ធ្លាក់ចុះ​ជា​ខ្លាំង​មិន​ធ្លាប់​មាន ពោល​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ មុន​មាន​ការ​រាតត្បាត​ COVID-19 អត្រា​ចំណាយ​នៃ​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ​ដល់ ៤០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ចន្លោះ​ពេល​ចាប់​ពី​ថ្ងៃទី ០១ តុលា ដល់​០៧ តុលា ជា​បុណ្យ​ជាតិ ដែល​ត្រូវ​បាន​គេហៅ​ថា Golden Week ហើយ​ជាទូទៅ​អំឡុងពេល​នេះ ស្ទើរតែគ្រប់​កន្លែង​កម្សាន្ត​ពេញ​ផ្ទៃប្រទេស គឺ​ប្រមូល​ផ្ដុំ​ដោយ​មនុស្សម្នា​ជាច្រើន​ពាន់​ម៉ឺន​នាក់។

តែ​សម្រាប់​ Golden Week ឆ្នាំ​នេះ គឺ​ស្ងាត់​ខុសពី​រាល់​ដង ដោយសារ​ទេសចរ​ក្នុង​ស្រុក​ហាក់​នៅ​ញញើត​នឹង​ជំងឺ​កាច​សាហាវ​នេះ​នៅ​ឡើយ ខណៈ​តាម​តំបន់​កម្សាន្ត​ខ្លះៗ ក៏​នៅ​រឹត​បន្តឹង និង​គោរព​វិធានការណ៍​ទប់ស្កាត់​កូវីឌ ១៩ ផង ទើប​ធ្វើ​ឲ្យ​អត្រា​ចំណាយ និង​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ការ​ធ្លាក់ចុះ​ខ្លាំង។

កត្តា​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ធ្លាក់​ចុះ​បែបនេះ គឺ​ដោយសារ​តែ​កំឡុងពេល​ការ​រាតត្បាត​កូវីដ ១៩ ប្រជាពលរដ្ឋ​មិនមាន​ប្រភព​ចំណូល​ឋិតឋេរ​ ដូច្នេះ​កំឡុងពេល​នេះ ការ​ចាយវាយ​ហាក់​មាន​ការ​ត្បិតត្បៀត​ជាង​មុន។

តាម​របាយការណ៍​បង្ហាញ​ដោយ​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ការ​ចំណាយ​ឆ្នាំ​នេះ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក Golden Week គឺ​ធ្លាក់​ចុះ ៤០% បើ​ធៀប​នឹង​ឆ្នាំ ២០១៩ មុន​ការ​រាតត្បាត​កូវីដ ១៩ និង​ចុះ ៤,៧% ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ ៣០% ធៀប​នឹង​ ២០១៩ និង ១៥% ធៀប​នឹង ២០២០។

បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ប្រចាំ​តំបន់​កម្សាន្ត​ដែល​ធ្លាប់​តែ​មាន​មនុស្ស​ទៅ​លេង​ឥត​ឈប់ឈរ​ដូចជា ទីក្រុង Fujian ខេត្ត Guangdong ខេត្ត Guizhou ទីក្រុង Wuzhen, Shanghai, Suzhou និង​រដ្ឋធានី​ប៉េកាំង សុទ្ធ​តែ​ត្អូញត្អែរ​ពី​ការ​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដូចៗគ្នា៕

ប្រភព: bangkokpost