នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយកាលពីថ្ងៃច័ន្ទកន្លងទៅថា លោកនឹងព្យាយាមពន្លឿនក្នុងការបើកប្រទេសឡើងវិញ និងអនុគ្រោះដល់ភ្ញៀវបរទេសមកពីប្រទេសយ៉ាងតិច ១០ ប្រទេស សម្រាប់ការធ្វើចត្តាឡឺស័ក ខណៈការបើកប្រទេសនេះនឹងធ្វើឡើងនៅថ្ងៃទី ០១ វិច្ឆិកាខាងមុខ។
ក្នុងចំណោម ១០ ប្រទេសដែលស្ថិតនៅក្នុងការអនុគ្រោះមួយនេះ គឺមានដូចជា ចក្រភពអង់គ្លេស សិង្ហបុរី អាល្លឺម៉ង់ ចិន និងសហរដ្ឋអាមេរិកជាដើម ស្របពេលប្រទេសជាច្រើនទៀតនឹងអាចអនុគ្រោះជាបន្តបន្ទាប់សម្រាប់ខែក្រោយៗ។
ការប្រកាសនេះផងដែរ ធ្វើឡើងក្រោយសិង្ហបុរី និងអូស្ត្រាលីចាប់ផ្ដើមបន្ធូរបន្ថយកំហិតនៃការធ្វើដំណើរសម្រាប់ប្រជាជនពួកគេក្នុងការធ្វើដំណើរកម្សាន្ត ស្របពេលអត្រាអ្នកស្លាប់នៅក្នុងប្រទេសក៏រាងថយចុះច្រើនជាងមុន ពោលតិចជាង ១០០ នាក់/ថ្ងៃ តែករណីឆ្លងថ្មីនៅក្បែរម៉ឺននាក់នៅឡើយ។
បញ្ជាក់ដែរថា មុនមានការរាតត្បាតកូវីដ ១៩ វិស័យទេសចរណ៍គឺជាកត្តាសំខាន់បំផុតមួយជំរុញសេដ្ឋកិច្ចប្រទេសថៃ ពោល ២០% នៃ GDP សរុបក្នុងប្រទេសកន្លងទៅគឺបានមកពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ខណៈចំណូលពីភ្ញៀវអន្តរជាតិតែមួយផ្នែកគឺមាន ១៥% ហើយបើគិតជាស្ថិតិវិញ គឺប្រមាណ ៤០ លាននាក់ ដែលភាគច្រើនជាជនជាតិចិន។
គម្រោងការបន្ធូរបន្ថយការធ្វើចត្តាឡឺស័កនេះគឺ រំពឹងថានឹងអាចទាក់ទាញភ្ញៀវអន្តរជាតិមកទស្សនាក្នុងប្រទេសឲ្យបានច្រើនសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំនេះ ស្របពេលធនាគារ Bank of Thailand សន្និដ្ឋានថា ភ្ញៀវអន្តរជាតិនឹងអាចមានត្រឹម ២ សែននាក់នៅឆ្នាំនេះ តែនឹងកើនដល់ ៦ លាននាក់នៅឆ្នាំក្រោយ។
រំលឹកដែរថា ថ្វីបើប្រកាសបើកប្រទេសនៅខែក្រោយក៏ពិតមែន តែសម្រាប់ការលក់គ្រឿងស្រវឹង និងក្លឹបកម្សាន្តនានា នៅមិនទាន់បើកពេញលេញឡើយ ពោលនឹងប្រកាសបើកនៅខែធ្នូ ដើម្បីអូសទាញភ្ញៀវទេសចរណ៍ក្នុងការអបអរការឆ្លងឆ្នាំសកលនៅចុងខែធ្នូ៕
ប្រភព: bangkokpost