ប្រកាសបើកប្រទេសភ្លាម ក្រុមហ៊ុនកក់សំបុត្រយន្តហោះមួយគាំង ដោយសារភ្ញៀវកក់ច្រើនលើសលប់

អន្តរជាតិ

គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines LTD របស់ប្រទេសសឹង្ហបុរី ត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន ដោយសារតែចំនួនភ្ញៀវទេសចរសម្រុកកក់សំបុត្រច្រើនលើសលប់ពេក បន្ទាប់ពីរដ្ឋាភិបាល បានធ្វើការប្រកាសថា នឹងបើកប្រទេសឡើងវិញ ចាប់ពីដើមសប្តាហ៍ក្រោយទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងទីផ្សារជាន់ខ្ពស់ម្នាក់ នៃភ្នាក់ងារទេសចរណ៍ លោក Jeremiah Wong បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប កំពុងស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយម ។

យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បាននិយាយថា ចាប់តាំងពីការប្រកាសរបស់រដ្ឋាភិបាលមក ថ្លៃសំបុត្រធ្វើដំណើរតាមផ្លូវអាកាស មួយចំនួនបានកើនឡើងខ្លាំង ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍បានកើនឡើងដល់ ៩,៦ % កាលពីថ្ងៃចន្ទ ដែលនេះជាការចំណេញដ៏ច្រើនបំផុតមិនធ្លាប់ ក្នុងរយ:ពេល ១១​ ខែចុងក្រោយ ។

គួរបញ្ជាក់ថា សិង្ហបុរីបច្ចុប្បន្នកំពុងទទួលបានសញ្ញាវិជ្ជមានជាច្រើន អំពីវិធីសាស្រ្តក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេសរបស់ខ្លួន ខណៈបច្ចុប្បន្នកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបើកព្រំដែនរបស់ខ្លួនឡើងវិញ ទៅកាន់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ នេះក៏ព្រោះតែអត្រានៃការចាក់វ៉ាក់សាំងរបស់ខ្លួន មានកម្រិតខ្ពស់ ព្រោះថាប្រជាជនសិង្ហបុរីជាង ៨០% ហើយ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ ។

បន្ថែមពីនេះ រដ្ឋាភិបាលក៏បានប្រកាសផងដែរថា ខ្លួន នឹងបន្ថែមបញ្ជីឈ្មោះប្រទេសចំនួន ៩ ទៀត ដែលអាចអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរទៅ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ។

ស្របពេលជាមួយគ្នានោះ អ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី កាណាដា ហូឡង់ អេស្ប៉ាញ និងដាណឺម៉ាក នឹងត្រូវអនុញ្ញាតឲ្យចូលប្រទេសសិង្ហបុរីបានដោយសេរី ពោលគឺមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី ១៩ ខែតុលាទៅ ។ ហើយសម្រាប់ថ្ងៃទី ១៥ ខែវិច្ឆិកា រដ្ឋាភិបាលសិង្ហបុរី ក៏នឹងចាប់ផ្តើមរៀបចំផែនការស្រដៀងគ្នានេះ ជាមួយអ្នកដំណើរមកពីប្រទេសអាល្លឺម៉ង់ និងព្រុយណេ ៕

ប្រភព: Bangkok Post