ឡានប្រភេទ Lexus សេរ៊ី Lx គឺទទួលបានការពេញនិយមជាខ្លាំងមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសឡើយ ដោយសាររូបរាងស្អាត ម៉ាស៊ីនខ្លាំង ធ្វើឲ្យអ្នកបើកបរមានភាពជឿជាក់ជាមួយឡាននេះ។

ក្រុមហ៊ុន Lexus ទើបតែបានប្រកាសជាផ្លូវការនូវប្រភេទរថយន្តសេរីថ្មីនៃត្រកូល Lx ដូចគ្នា គឺ Lexus Lx 600 ដែលមានរូបរាងខុសគ្នាច្រើនពី Lexus Lx ៥៧០ ពោលគឺមានទំងន់ស្រាលជាង រាងតូចជាង ខ្លីជាង តែខ្លឹមជាងមុន។

រថយន្តប្រភេទ Lexus គឺទទួលបានការកោតសរសើរ ដោយសារធ្លាប់បំពាក់ជាមួយម៉ាស៊ីនកម្លាំងខ្លាំង V-8 តែសម្រាប់ Lexus Lx 600 នេះវិញ នឹងមិនបំពាក់ម៉ាស៊ីន V-8 ទៀតឡើយ និងជំនួសមកវិញដោយម៉ាស៊ីនសាំង V6 3.5L Twin-Turbo ផលិតបានកម្លាំង 409hp ដែលនេះក៏ជារថយន្តត្រកូល Lx ដែលបំពាក់ម៉ាស៊ីនកម្លាំង V-6 មុនគេបង្អស់ផងដែរ។

សម្រាប់ម៉ូដែល Lexus Lx 600 នេះផងដែរ ក៏នឹងមានដាក់លក់ដល់ទៅ ៤ ម៉ូដមានដូចជា ប្រភេទធម្មតា The Premium, Luxury និងប្រភេទ F Sport ខណៈប្រភេទធម្មតាគឺមានកៅអី ២ ជួរ ឬ ៥ កៅអី រីឯ ៣ ម៉ូដទៀតគឺមាន ៣ ជួរ ឬ ៧ កៅអី។

រថយន្ត Lexus Lx 600 នឹងប្រកាសដាក់លក់លើទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ហើយបើតាមការសន្និដ្ឋានពី CARandDRIVER បាននិយាយថា ប្រភេទធម្មតាអាចស្ថិតនៅខ្ទង់ ៩ ម៉ឺនដុល្លារ ស្របពេល ៣ ប្រភេទទៀតអាចថ្លៃលើសនេះ។

តម្លៃជាក់លាក់នៅមិនទាន់មានបង្ហាញនៅឡើយទេ ដោយសារការប្រកាសជាផ្លូវការទើបនឹងធ្វើឡើង ហើយសម្រាប់ទីផ្សារស្រុកខ្មែរវិញក៏មិនទាន់មាននាំចូលរថយន្តប្រភេទនេះនៅឡើយ៕
ប្រភព: caranddriver