គណៈកម្មការការពារទិន្នន័យប្រចាំប្រទេសអៀរឡង់ ហៅកាត់ DPC បានធ្វើការដាក់លិខិតប្ដឹងផ្ដល់ទៅកាន់ក្រុមហ៊ុន Facebook ដោយទារសំណងជាទឹកប្រាក់ប្រមាណ ៣៦ លានអឺរ៉ូ ដោយសារក្រុមហ៊ុនខ្នាតយក្សនេះ មិនអាចសហការជាមួយរដ្ឋាភិបាលអៀរឡង់បាន។

យោងតាមច្បាប់នៅសហព័ន្ធអឺរ៉ុបកាលពីឆ្នាំ ២០១៨ សម្រាប់ការការពារទិន្នន័យនៃប្រទេសនីមួយៗ គឺ DPC មានសិទ្ធិគ្រប់គ្រាន់សម្រាប់ការចូលរួមគ្រប់គ្រងទិន្នន័យជាមួយប្រទេសពាក់ព័ន្ធ ដើម្បីសម្រេចថា តើគួរឡើងដល់តុលាការឬអត់។

អៀរឡង់គឺជាទីស្នាក់ការកណ្ដាលធំបំផុតរបស់ Facebook និងសម្រាប់ក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀតទាក់ទិននឹងវិស័យបច្ចេកវិទ្យា ហើយរដ្ឋាភិបាលប្រទេសមួយនេះបានស្នើសុំសិទ្ធិចូលគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផងដែរ តែដោយសារគោលការណ៍ក្រុមហ៊ុន Facebook គឺធានានូវសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ ទើបធ្វើឲ្យភាគីទាំងសងខាងទាស់សម្ដីគ្នា។
ដោយឡែក DPC បានស្នើសុំសំណងជាទឹកប្រាក់ប្រមាណចន្លោះពី ២៨ ទៅ ៣៦ លានអឺរ៉ូ ដោយសារ Facebook មិនព្រមផ្ដល់ព័ត៌មានច្បាស់លាស់ដល់រដ្ឋាភិបាលប្រចាំប្រទេស ស្របពេលអ្នកនាំពាក្យរបស់ DPC បាននិយាយថា ឯកសារទាំងអស់ត្រូវបានដាក់ទៅកាន់អាជ្ញាធរត្រួតពិនិត្យអស់ហើយ រង់ចាំតែការឆ្លើយតបវិញប៉ុណ្ណោះ៕
ប្រភព: Kelo