ឥណ្ឌាជួបបញ្ហាខ្វះខាតអគ្គិសនីដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៦ មក

អន្តរជាតិ

ការផ្គង់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះប្រហែល ៧៥០ លានគីឡូវ៉ាត់ម៉ោង នៅអំឡុងរយ:ពេល ១២ ថ្ងៃដំបូង នៃខែតុលានេះ  ដែលបញ្ហានេះបានកើតឡើងដោយសារតែកង្វះធ្យូងថ្ម និងជាការខ្វះខាតដ៏អាក្រក់បំផុត ចាប់តាំងពីខែមីនាឆ្នាំ ២០១៦ មក ។ យ៉ាងណានេះបើតាមទិន្នន័យពីនិយ័តករគ្រប់គ្រងបណ្តាញ POSOCO បានលើកឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅត្រឹមតែប៉ុន្មានថ្ងៃដំបូងនៃខែតុលានេះ ត្រូវបានគេរាប់បញ្ចូលថាជាការខ្វះខាតអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសរួចទៅហើយ ខណ:ករណីនេះគឺបានកើតឡើងដូចគ្នា នៅអំឡុងខែវិច្ឆកាឆ្នាំ ២០១៨ ។ 

យ៉ាងណា រដ្ឋនៅភាគខាងជើងនៃប្រទេស ដូចជា Rajasthan, Punjab, Haryana , Uttar Pradesh និងរដ្ឋនៅភាគខាងកើត ដូចជា Jharkhand និង Bihar បានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយបានចុះបញ្ជីឱនភាពផ្គត់ផ្គង់ពី ២,៣% ទៅ ១៤,៧%។

ការបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ឥណ្ឌា បន្ទាប់ពីធូស្បើយពីរលកទី ២ នៃជំងឺរាត្បាតសកលកូវីដ ១៩ បានធ្វើឲ្យតម្រូវការធ្យូងថ្មមានការកើនឡើងខ្លាំង ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់មានការខ្វះខាត និងបង្ខំឲ្យរដ្ឋមួយចំនួននៅខាងជើងនៃប្រទេស ដូចជា Bihar, Rajasthan និងJharkhand ត្រូវកាត់ផ្តាច់ថាមពលអគ្គិសនីរហូតដល់ ១៤ ម៉ោង ក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះ ប្រទេសឥណ្ឌាបានស្នើសុំឲ្យក្រុមហ៊ុនផលិតថាមពល ធ្វើការនាំចូលធ្យូងថ្ម ១០% បន្ថែមទៀត ដើម្បីគួបផ្សំជាមួយធ្យូងថ្មដែលមាននៅក្នុងស្រុកស្រាប់ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក៏បានធ្វើការព្រមានទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរបស់រដ្ឋនានា អំពីការទប់ស្កាត់ចំពោះការលក់ថាមពល ចំពេលកំពុងមានការកើនឡើងតម្លៃខ្លាំង ។

បន្ថែមពីនេះ ទិន្នន័យមួយបានបង្ហាញថាការពឹងផ្នែករបស់ប្រទេសឥណ្ឌា ទៅលើថាមពលដើរដោយធ្យូងថ្ម បានកើនឡើងដល់ ៦៩,៦% នៅក្នុងខែតុលា ពីចំនួន ៦៦,៥% នៅក្នុងខែកញ្ញា ដែលធ្វើឲ្យមានកង្វះខាតធ្យូងថ្មកាន់តែធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះនៃទិន្នផលពីប្រភពថាមពលផ្សេងទៀត ដូចជាខ្យល់ និងវារីអគ្គិសនីជាដើម ៕

ប្រភព: IndiaTimes