រដ្ឋាភិបាលប្រទេសវៀតណាមបានប្រកាសគម្រោងចាយលុយប្រមាណ ១០ ទៅ ១១,៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០២១ ដល់ ២០៣០ សម្រាប់ការបង្កើត និងបញ្ជូនថាមពលអគ្គិសនី។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យចុងក្រោយបង្អស់ពីផែនការអភិវឌ្ឍន៍ Power Development Master Plan VIII។
គម្រោងការខាងលើទើបនឹងដាក់បញ្ជូនទៅ កាន់ថ្នាក់ដឹកនាំប្រទេសក្រោមការត្រួសត្រាយផ្លូវដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ សរុបទឹកប្រាក់ប្រមាណ ៩៩,៣២ ទៅ ១១៥,៩៦ ពាន់លានដុល្លារ នឹងត្រូវបានប្រើប្រាស់លើការអភិវឌ្ឍន៍ថាមពល និងខ្សែបញ្ជូនចរន្តអគ្គិសនីក្នុងរយៈពេល ១០ ឆ្នាំ។
គោលបំណងធំនៃគម្រោងការនេះ គឺដើម្បីទាក់ចិត្តវិនិយោគិនដែលចង់បណ្ដាក់ទុនលើគម្រោងការកែច្នៃថាមពលកកើតឡើងវិញ ដោយវៀតណាមគ្រោងប្រើប្រាស់ថាមពលកកើតឡើងវិញចន្លោះពី ១១,៩ ទៅ ១៣,៤% សម្រាប់ទិន្នន័យប្រើប្រាស់ថាមពលសរុបនៅត្រឹមឆ្នាំ ២០៣០ ស្របពេលថាមពលកកើតឡើងវិញភាគច្រើនគឺផ្ដោតសំខាន់លើថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
ដោយឡែក គ្រោងការខាងលើនេះមិនមែនមានតែចំពោះថាមពលអគ្គិសនីឡើយ ដោយពួកគេបានអះអាងថា ថាមពលដែលប្រើប្រាស់ដោយហ្គាសនឹងត្រូវអនុវត្តនាពេលខាងមុខទៀត៕
ប្រភព: vnexpress