ឥណ្ឌូនេស៊ី បើកឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងនៅកោះបាលីឡើងវិញ ក្រោយបិទអស់រយ:ពេលជាងមួយឆ្នាំ

អន្តរជាតិ

កោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី បានបើកដំណើរការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តឡើងវិញកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីកោះដ៏ល្បីល្បាញមួយនេះ បិទលែងទទួលភ្ញៀវទេសចរ អស់រយ:ពេលជាងមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះជាយ៉ាងណាភ្ញៀវទេសចរបរទេស ដែលចូលមកលេងកម្សាន្តហាក់មានកម្រិតទាបបំផុតមួយ ព្រោះថាគ្មានជើងហោះហើរអន្តរជាតិត្រូវបានកក់ មកកាន់កោះបាលីនោះទេ សម្រាប់ថ្ងៃដំបូងដែលរដ្ឋាភិបាល បានប្រកាសបើកដំណើរការឡើងវិញ ស្របពេលមន្ត្រីទេសចរណ៍ បានធ្វើការព្យាករណ៍ថានឹងមានការធ្វើដំណើរមកលេងកម្សាន្តច្រើន នៅខែវិច្ឆកាខាងមុខ ។

យ៉ាងណាលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីរបស់រដ្ឋាបាលប្រទេសនេះ បាននិយាយថាអាកាសយានដ្ឋានកោះបាលី នឹងស្វាគមន៍ការមកដល់របស់ភ្ញៀវទេសចរបរទេស ពីប្រទេសអនុញ្ញាតទាំង ១៩ ប៉ុណ្ណោះ ដែលបានបំពេញតាមលក្ខណ:វិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក ដូចជាករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសរបស់ពួកគេ គឺអាចស្ថិតនៅក្រោមការគ្រប់គ្រងបាន ។

មិនតែប៉ុណ្ណោះ លោក Luhut  បានបន្ថែមទៀតថា អ្នកដំណើរតាមជើងហោះហើរអន្តរជាតិទាំងអស់ ត្រូវតែមានភស្តុង បញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងចំនួន ២ លើករួចហើយ ខណ:តម្រូវឲ្យធ្វើតេស្តបន្ថែមទៀត ដើម្បីប្រាកដថាអវិជ្ជមានកូវីដ ១៩ នៅពេលមកដល់ទឹកដីកោះបាលី ហើយត្រូវធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ នៅឯសណ្ឋាគារ ដែលបានកំណត់ ដោយត្រូវធ្វើការចំណាយខ្លួនឯង ។ ខណ:ភ្ញៀវទេសចរទាំងនោះ ក៏នឹងត្រូវធ្វើតាមច្បាប់ដ៏តឹងរ៉ឹង នៅតាមសណ្ឋាគារ ក្នុងភោជនីយដ្ឋាន និងនៅលើឆ្នេរខ្សាច់ផងដែរ ។

សូមបញ្ជាក់ផងដែរថា មានជនបរទេសជាង ៦ លាននាក់បានមកលេងកម្សាន្តនៅកោះបាលី ជារៀងរាល់ឆ្នាំមុនពេលមានជំងឺរាតត្បាត ។ ប៉ុន្តែយ៉ាងណាការមកដល់នៃភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ ៦ ដង ពី ៦,២ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹម ១ លាននាក់ក្នុងឆ្នាំ ២០២០ ខណៈមនុស្សចំនួន ៩២,០០០ នាក់ ដែលបម្រើការងារក្នុងវិស័យទេសចរណ៍នៅកោះនេះ បានបាត់បង់ការងារ ហើយអត្រាស្នាក់នៅបន្ទប់ជាមធ្យមនៃសណ្ឋាគារគ្រប់លំដាប់ នៅកោះបាលី គឺមានទាបជាង ២០%។ ស្របពេលទិន្នន័យនេះបង្ហាញទៀតថា សេដ្ឋកិច្ចរបស់កោះនេះ បានធ្លាក់ចុះប្រមាណ ៩,៣១% កាលពីឆ្នាំមុន ៕

ប្រភព: WBFO