ម្ចាស់ប្រ៊េនសម្លៀកបំពាក់ល្បីឈ្មោះលំដាប់ពិភពលោក Zara គឺក្រុមហ៊ុន Inditex បានប្រកាសថា នឹងចាប់ផ្ដើមគិតលុយបន្ថែមប្រមាណ ១០ សេន ឬ ០,១២ ដុល្លារ សម្រាប់ថង់ខ្ចប់ទំនិញនៅហាងសាខានៅទូទាំងប្រទេសអេស្ប៉ាញចាប់ពីសប្ដាហ៍ក្រោយទៅ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក។

ថង់ខ្ចប់ទំនិញទាំងអស់របស់ហាងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Inditex នឹងត្រូវគិតប្រាក់ចាប់ពីសប្ដាហ៍ក្រោយទៅ រួមទាំងហាង Zara និង Massimo Dutti ផងដែរ។ ការផ្លាស់ប្ដូរនេះធ្វើឡើងបន្ទាប់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលុបបំបាត់ប្លាស្ទិកនៅទូទាំងប្រតិបត្តិការរបស់ខ្លួន ហើយជំនួសដោយការប្រើថង់ប្លាស្ទិក ក្រុមហ៊ុននឹងងាកមកប្រើថង់ក្រដាសដែលកែច្នៃឡើងវិញ ស្របពេលកាលពីឆ្នាំទៅ អត្រានៃថង់ប្លាស្ទិកមានការកាត់បន្ថយច្រើន បន្ទាប់ពីមានការបញ្ជាទិញតាមអនឡាញ។

ដោយឡែក គោលបំណងធំនៃវិធានការមួយនេះ គឺប្រាក់ដែលទទួលបានពីការគិតលុយសម្រាប់ថង់ក្រដាសទាំងអស់ នឹងបរិច្ចាគទៅកាន់អង្គការថែទាំបរិស្ថាននៅប្រទេសអេស្ប៉ាញ ស្របពេលកាសែត Expansion បានរាយការណ៍ថា សាខាក្រុមហ៊ុន Inditex នៅប្រទេសអាល្លឺម៉ង់បានអនុវត្តគម្រោងការនេះនៅតាមហាងរបស់ពួកគេរួចស្រេចហើយ ដោយអតិថិជនអាចជ្រើសរើសសម្រាប់ការចាយលុយលើថ្លៃថង់ ឬអាចយកថង់ពីផ្ទះមកបាន។
ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតលើលោក ដែលមានច្រើនជាង ១ ៤០០ សាខានៅប្រទេសកំណើតនៅប្រទេសអេស្ប៉ាញ ដែលស្មើនឹង ១៤% នៃការលក់របស់ក្រុមហ៊ុន នឹងអាចពិចារណាពង្រីកការអនុវត្តគោលការណ៍នេះនៅទីផ្សារផ្សេងៗទៀតនាពេលអនាគត៕
ប្រភព: Kelo