ជំពាក់បំណុលធនាគារចំនួន ២ រដ្ឋាភិបាលស្រីលង្កាគ្រោងកម្ចីលុយ ៥០០ លានដុល្លារពីឥណ្ឌា ដើម្បីទិញប្រេងឆៅបន្ថែម

អន្តរជាតិ

យោងតាមការចុះផ្សាយចុងក្រោយមួយ បានបង្ហាញថា ប្រទេសស្រីលង្កា កំពុងតែស្វះស្វែងកម្ចីឥណទាន ចំនួន ៥០០ លានដុល្លារ ពីរដ្ឋាភិបាលប្រទេសឥណ្ឌា ដើម្បីទូទាត់ថ្លៃទិញប្រេងឆៅរបស់ខ្លួន ចំពេលប្រទេសនេះ កំពុងឆ្លងកាត់វិបត្តិប្តូរប្រាក់បរទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រុមហ៊ុនសាជីវកម្មប្រេងកាតរដ្ឋ Ceylon (CPC)  កំពុងតែជួបបញ្ហាក្នុងការជំពាក់បំណុលធនាគារ People’s Bank និង Bank of Ceylon របស់រដ្ឋាភិបាល នៅក្នុងចំនួនប្រមាណ ៣,៣ ពាន់លានដុល្លារអាមេរិក ខណ:ក្រុមហ៊ុននេះ គឺជាអ្នកចែកចាយប្រេងរដ្ឋធំបំផុត ដែលបាននាំចូលប្រេងឆៅពីប្រទេសនៅមជ្ឈឹមបូព៌ា និងនាំចូលប្រេងចម្រាញ់ស្រេច ពីតំបន់ផ្សេងទៀត រួមទាំងប្រទេសសិង្ហបុរីផងដែរ ។

យ៉ាងណា រដ្ឋមន្ត្រីឋាមពលប្រទេសស្រីលង្កា លោក Udaya Gammanpila បានធ្វើការព្រមានថា លទ្ធភាពនៃការប្រើប្រាស់ប្រេងឥន្ធន:បច្ចុប្បន្ននៅក្នុងប្រទេសដីកោះមួយនេះ គឺអាចផ្គត់ផ្គង់តម្រូវការ បានដល់ត្រឹមខែមករាឆ្នាំ ២០២២ ប៉ុណ្ណោះ ។

ហើយឥឡូវនេះ ក្រុមហ៊ុនសាជីវកម្មខាងលើកំពុងរៀបចំការបញ្ជាទិញប្រេងសាំង និងម៉ាស៊ូតបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់ខ្លួន ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស លោក SR Attygalle បាននជូនដំណឹងថា លេខាធិការឋាមពលរបស់បឥណ្ឌា និងស្រីលង្កា គ្រោងនឹងចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងប្រាក់កម្ចី សម្រាប់ទិញប្រេងនេះ នៅក្នុងពេលឆាប់ៗខាងមុខ ។​

គួរបញ្ជាក់ថា ការតម្លើងថ្លៃប្រេងនៅលើពិភពលោកបានបង្ខំឱ្យប្រទេសស្រីលង្កាចំណាយច្រើនលើការនាំចូលប្រេងនៅឆ្នាំនេះ។ វិកយប័ត្រប្រេងរបស់ប្រទេសនេះ បានកើនឡើង ៤១,៥ ភាគរយ ដល់ ២ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងពេលដូចគ្នាពីឆ្នាំមុន។

ប្រភព: NDTV