ធ្លាប់តែផលិតទូរស័ព្ទ ពេលនេះ Xiaomi ត្រៀមបោះទុនប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីប្រឡូកចូលវិស័យផលិតរថយន្តអគ្គិសនីលើកដំបូង

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានធ្វើការប្រកាសថាក្រុមហ៊ុនរបស់លោក គ្រោងនឹងផលិតរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួន នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ។ យ៉ាងណានេះបើតាមរបាយការណ៍ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនេះ​ហាក់មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ធ្លាប់បានប្រកាសរួចមកហើយ អំពីការចង់ចូលប្រឡូកនៅក្នុងអាជីវកម្មរថយន្តអគ្គិសនី កាលពីខែមីនាមកម្លេះ ។

ហើយទើបតែពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់សារជាថ្មីម្តងទៀតថាខ្លួននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ ដើម្បីដំណើរការលើការផលិតរថយន្តអគ្គិសនី និងអាជីវកម្មដែលពាក់ព័ន្ធ ខណ:ទំហំនៅក្នុងការវិនិយោគនេះវិញ ត្រូវបានគេបញ្ជាក់ថានឹងមានចំនួនប្រមាណ ១០ ពាន់លានដុល្លារឯណោះ ។

យ៉ាងណា បើទោះបីជាទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិន ឥឡូវនេះមានការកើនឡើងខ្លាំងក៏ដោយ ប៉ុន្តែការឈានជើងចូលរបស់ Xiaomi នេះ អាចនឹងប្រឈមមុខនឹងគូប្រជែងធំៗរបស់ខ្លួនជាច្រើន ដូចជាក្រុមហ៊ុន Nio , ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Mask និងក្រុមធំៗផ្សេងទៀត ។

គួរបញ្ជាក់ផងដែរថា ការចាប់ផ្តើមចូលប្រឡូកនៅក្នុងវិស័យនេះ គឺបានបង្ហាញពីគោលដៅដ៏ធំ សម្រាប់ផ្នែករថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Xiaomi ដែលពួកគេបានធ្វើការប្រកាសជាផ្លូវការ កាលពីដើមឆ្នាំកន្លងទៅ ។

ហើយស្របពេលជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បានកើនឡើងរហូតដល់ ៥,៤% ក្នុងទំហំទឹកប្រាក់ប្រហែល ៣ លានដុល្លារ បន្ទាប់ពីការប្រកាសចុងក្រោយអំពីគម្រោងអភិវឌ្ឍន៍ថ្មីមួយនេះ ៕

ប្រភព: Indian Express