កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបសហរដ្ឋអាមេរិក Micron Technology Inc បានប្រកាសថា នឹងគ្រោងបោះលុយធំ សម្រាប់ការវិនិយោគប្រមាណ ៨០០ ពាន់លានយ៉េន ឬ ៧ ពាន់លានដុល្លារ សម្រាប់ការសាងសង់រោងចក្រថ្មីនៅទីក្រុង Hiroshima ភាគខាងលិចប្រទេសជប៉ុន។

បើតាមការចុះផ្សាយពីសារព័ត៌មាន Nikkan Kogyo បានឲ្យដឹងថា រោងចក្រផលិតបន្ទះឈីបរបស់ Micron ថ្មីនេះនឹងចាប់ផ្ដើមសាងសង់ពីឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនទំនងមានបំណងផលិតបន្ទះឈីបប្រភេទ DRAM ដែលជាអង្គចងចាំដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការផ្ទុកទិន្នន័យ។
ប្រភពដដែលបន្ថែមថា មូលហេតុដែល Micro ហ៊ានចំណាយលុយច្រើនសម្រាប់ការសាងសង់រោងចក្រនៅអាស៊ីគឺ ដោយសារតម្រូវការបន្ទះឈីបកំពុងមានការកកស្ទះទូទាំងពិភពលោក ព្រោះក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងសម្រុកបញ្ជាទិញឈីបគ្រប់ៗគ្នា។

យ៉ាងណា ក្រៅពី Micron របស់អាមេរិក ក៏នៅមានក្រុមហ៊ុនផលិតបន្ទះឈីបយក្ស TSMC របស់ Taiwan ផងដែរ ដែលបានប្រកាសកាលពីសប្ដាហ៍មុនថា នឹងបង្កើតរោងចក្រនៅប្រទេសជប៉ុនដូចគ្នា ស្របពេលរដ្ឋាភិបាលជប៉ុនក៏ត្រៀមខ្លួនរួចស្រេចក្នុងការជួយចំណាយលើគម្រោងវិនិយោគមួយនេះ៕
ប្រភព: Kelo