កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រុមហ៊ុនយក្ស Facebook បានប្រកាសថា នឹងផ្ដល់ការងារទៅកាន់មនុស្សប្រមាណ ១ ម៉ឺននាក់នៅតំបន់អឺរ៉ុប សម្រាប់គម្រោងការណ៍អស្ចារ្យឈ្មោះ Metaverse ដែលជាចក្ខុវិស័យនាពេលអនាគតដែលក្រុមហ៊ុនយក្សមួយនេះបានមើលឃើញ។

នាយកប្រតិបត្តិ Mark Zuckerberg បានថ្លែងនៅ Silicon Valley អំពីអត្ថប្រយោជន៍នៃគ្រោងការថ្មីនោះ គឺវាប្រៀបដូចជា Virtual Reality ថ្មីមួយ អាចអនុញ្ញាតឲ្យមនុស្សប្រាស្រ័យទាក់ទងគ្នាដូចពិតៗ ដោយគ្រាន់តែប្រើប្រាស់នូវវ៉ែនតាឆ្លាតវៃ។
” Metavers គឺមានសក្ដានុពលអាចជួយដល់គ្រប់វិស័យជាច្រើនទាំងការបង្កើតថ្មី សង្គម និងសូម្បីតែឱកាសសេដ្ឋកិច្ចជាច្រើន ហើយតំបន់អឺរ៉ុបគឺជាចំណុចចាប់ផ្ដើមនៃគម្រោងការអស្ចារ្យមួយនេះ”។ នេះបើតាមការលើកឡើងពី Facebook។

“នៅក្នុងថ្ងៃនេះ ពួកយើងសូមប្រកាសពីគម្រោងចង់បង្កើតឱកាសការងារសម្រាប់មនុស្ស ១ ម៉ឺននាក់នៅទូទាំងតំបន់អឺរ៉ុប សម្រាប់រយៈពេល ៥ ឆ្នាំបន្ទាប់”។
បញ្ជាក់ដែរថា បច្ចេកវិជ្ជា Metaverse អាចអនុញ្ញាតឱ្យនរណាម្នាក់ពាក់វ៉ែនតាVirtual Reality ដែលធ្វើឱ្យវាមានអារម្មណ៍ដូចជាពួកគេប្រឈមមុខនឹងមិត្តភក្តិផ្ទាល់ៗ ទាំងដែលតាមពិតពួកគេនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ និងភ្ជាប់តាមអ៊ីនធឺណិត៕
ប្រភព: bangkokpost