កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Volkswagen បានប្រកាសថា រោងចក្រផលិតរថយន្តធំបំផុតនៅទីក្រុងWolfsburg មានអត្រាផលិតរថយន្តទាបបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ ពោលត្រឹម ៣០ ម៉ឺនគ្រឿងប៉ុណ្ណោះ។
ស្ថិតិនេះគឺតិចជាងចំនួនជាមធ្យមនៃការផលិតរាល់ដងឆ្ងាយបើធៀបនឹងមុនពេលមានបញ្ហាកូវីដ ១៩ ស្របពេលវាជាតួលេខទាបមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៥៨ មកទល់បច្ចុប្បន្ន។
រោងចក្រផលិតរថយន្តក្រុមហ៊ុន Volkswagen នៅទីក្រុង Wolfsburg ជាទូទៅតែងផលិតរថយន្តជាច្រើនម៉ូដមានដូចជា Golf, Tiguan និង Seat ជាដើម ដែលក្នុងមួយឆ្នាំៗតែងតែវៃចេញខ្ទង់ប្រមាណ ៧៨០ ០០០ គ្រឿងក្នុងរយៈកាលមួយទសវត្សចុងក្រោយ ខណៈនៅឆ្នាំ ២០១៨ ក្រុមហ៊ុនធ្លាប់ទាំងមានចក្ខុវិស័យបង្កើនអត្រាផលិតដល់ ១ លានគ្រឿងផង។
តែនៅឆ្នាំ ២០២០ ដោយសារការផ្គត់ផ្គង់មានបញ្ហារាំងស្ទះ បានបណ្ដាលឲ្យចំនួនផលិតមានការធ្លាក់ចុះមកសល់ត្រឹម ៥០០ ០០០ គ្រឿងវិញ ហើយគាប់ជួនឆ្នាំនេះ ការផ្គត់ផ្គង់បន្ទះឈីបរថយន្តមានការខ្វះខាតផង ទើបធ្វើឲ្យការផលិតកាន់តែធ្លាក់ចុះជាងមុនថែមទៀត។
ដោយឡែកបើតាមអ្នកនាំពាក្យរបស់ Volkswagen បានឲ្យដឹងថា បញ្ហាដែលក្រុមហ៊ុនកំពុងជួបប្រទះនាពេលនេះ គឺអាចនឹងពន្យារពេលដល់ឆ្នាំ ២០២២ បើសិនការផ្គត់ផ្គង់បន្ទះឈីបនៅតែមានបញ្ហារអាក់រអួលបែបនេះ។
បញ្ជាក់ដែរថា Volkswagen គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយលើលោក ដែលពេលនេះពួកគេក៏កំពុងសិក្សាពីការផលិតរថយន្តអគ្គិសនីដូច Tesla ដែរ តែ CEO Herbert Diess បានបង្ហើបឲ្យដឹងថា បើសិនគ្រោងការផលិតរថយន្តអគ្គិសនីមានការរាំងស្ទះដោយប្រការណាមួយ នោះក្រុមហ៊ុននឹងត្រូវបញ្ឈប់បុគ្គលិកប្រមាណ ១/៤ ឬ ៣ ម៉ឺននាក់៕
ប្រភព: Kelo