ប្រទេសវៀតណាមបានប្រកាសពីគម្រោងសាងសង់ផ្លូវរថភ្លើង ៩ ខ្សែបន្ថែមទៀត ដែលមានប្រវែង ២ ៣៦២ គីឡូម៉ែត្រ ខណៈការសាងសង់នឹងអាចបញ្ចប់នៅត្រឹមឆ្នាំ ២០៣០។
កញ្ចប់ថវិកាដែលគ្រោងសម្រាប់ការចំណាយលើគម្រោងនេះ រំពឹងទទួលបានពីសារពើពន្ធរដ្ឋ និងអ្នកវិនិយោគឯកជននានា។ ក្នុងគម្រោងនេះ ផ្លូវដែលធំជាងគេគឺរត់ពីទីក្រុង Hanoi ទៅកាន់ទីក្រុង Ho Chi Minh ដែលមានចម្ងាយ ១ ៥៤៥ គីឡូម៉ែត្រ។
ក្រសួងដឹកជញ្ជូនរបស់វៀតណាម បានស្នើឲ្យមានផ្លូវ ២ ខ្សែជាអាទិភាពគឺចាប់ពីទីក្រុង Hanoi ទៅកាន់កណ្ដាលទីក្រុង Vinh និងមួយខ្សែទៀតពី HCMC ទៅកាន់ទីប្រជុំជននៃទីក្រុង Nha Trang។ សម្រាប់ការវិនិយោគលើគម្រោងផ្លូវដែកនេះគោលបំណងធំ ចង់ពង្រឹងផ្នែកដឹកជញ្ជូនក្នុងស្រុក និងការដឹកអ្នកដំណើរប្រមាណ ៤៦០ លាននាក់ថែមទៀត។ ដោយឡែក នៅត្រឹមឆ្នាំ ២០៥០ វៀតណាមក៏មានគម្រោងសាងសង់ផ្លូវដែក ២៥ ខ្សែដែលមានប្រវែង ៦ ៣៥៤ គីឡូម៉ែត្រ ស្របពេលប្រទេសភូមិផងជាមួយកម្ពុជានេះ ចង់អភិវឌ្ឍមធ្យោបាយដឹកជញ្ជូនដែលហួសសម័យរបស់ខ្លួន៕
ប្រភព: vnexpress